ក្រុមហ៊ុនចិនធំមួយគ្រោងវិនិយោគលើឧស្សាហកម្មស្វាយចន្ទី នៅកម្ពុជាជាបីដំណាក់កាល

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ដែលជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយឈានមុខក្នុងផលិតម៉ាស៊ីន សម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម ការកែច្នៃដំណាំកសិកម្ម និងការនាំចេញចូលផលិតផលកសិកម្ម នៅកោះហៃណាន សាធារណរដ្ឋប្រជាមានិតចិន។

លោកអគ្គលេខាធិការបានមានមតិស្វាគមន៍ និងសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោក David Zou Zhun ប្រធានផ្នែកកសិកម្មនៃក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ដែលបានចំណាយពេលអញ្ជើញ មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសនៅក្នុងឧស្សាហកម្មស្វាយចន្ទី។

លោកអគ្គលេខាធិការ បានធ្វើការអត្ថាធិប្បាយពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទី ពីដើមទីដល់ចុងទី ដែលរាប់ចាប់តាំងពីការដាំដុះ ការថែរទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច ហើយដែលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ និងកំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។

បន្ថែមពីនេះ ក្រៅពីស្វាយចន្ទី លោកជា វុទ្ឋីអគ្គលេខាធិការក៏បានជម្រាបជូនគណៈប្រតិភូ ពីសក្តានុពលនៃដំណាំកសិកម្មផ្សេងទៀតរួមមាន៖ ដំទ្បូងមី ចេក ស្វាយ និងធុរេនជាដើម ដែលក្រុមហ៊ុនអាចធ្វើការគិតគូររៀបចំខ្សែច្រវាក់ផលិតកម្ម និងកែច្នៃដំណំាកសិកម្មទាំងនោះឱ្យកាន់តែមានតម្លៃបន្ថែមខ្ពស់ថែមទៀត។

ក្នុងឱកាសនោះ លោក David Zou Zhun បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូ និងបានផ្តល់នូវព័ត៌មានលម្អិត នៃវិស័យឧស្សាហកម្មស្វាយចន្ទីនេះ ដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍ សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យនេះ។ ក្រុមហ៊ុនបានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការគិតគូរបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនេះ។

បច្ចុប្បន្ន ក្រុមហ៊ុនបានសហការចាប់ដៃគូ ជាមួយក្រុមហ៊ុន Kampu Nuts Agro Products ក្រុមហ៊ុន Hangzhou Baichen Food Co., Ltd, ក្រុមហ៊ុន Hangzhou Jiabin Agricultural Park, និងក្រុមហ៊ុន Hangzhou Weiying Food Co., Ltd ដើម្បីធ្វើការប្រមូលទិញស្វាយចន្ទីស្ងួត និងស្វាយចន្ទីកែច្នៃយកទៅចែកចាយទៅកាន់ទីផ្សារប្រទេសចិន។

លោក David Zou Zhun បានឱ្យដឹងទៀតថា គម្រោងវិនិយោគឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ក្រុមហ៊ុននឹងរៀបចំជាបីដំណាក់កាល ដែលដំណាក់កាលទី១ គ្រោងនឹងកែច្នៃគ្រាប់ស្វាយចន្ទី ឱ្យបានចំនួន៣ម៉ឺន/ឆ្នាំ ដំណាក់កាលទី២ ចំនួន២០ម៉ឺនតោន/ឆ្នាំ និងដំណាក់កាលទី៣ ចំនួន៥០ម៉ឺនតោន/ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here