ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមហ៊ុនធំមួយរបស់អាមេរិកRMA Groupបានប្រកាសពីផែនការពង្រីកការវិនិយោគនៅកម្ពុជា ស្របពេលសកម្មភាពអាជីវកម្មនៅទីនេះមានភាពរីកចម្រើន។
ព័ត៌មានដ៏ល្អនេះត្រូវបានលើកឡើងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅពេលលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក Kevin Whitcraft នាយកប្រតិបត្តិក្រុមហ៊ុន RMA Group ដោយមានការចូលរួមពីលោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia) PLC.និងសហការី។
ក្នុងជំនួបនេះ លោក Kevin Whitcraft បានជម្រាបជូនថាគោលបំណងនៃការចូលជួបនាព្រឹកនេះ គឺដើម្បីជម្រាបជូនពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុននៅកម្ពុជា និងជម្រាបជូនអំពីគម្រោងពង្រីកការវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប លោកអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន RMA (Cambodia) PLC. និងបានសម្តែងនូវការស្វាគមន៍ ដោយក្តីរីករាយបំផុត ចំពោះគម្រោងពង្រីកការវិនិយោគនៅកម្ពុជា។
លោកបញ្ជាក់ថា “គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរង់ចាំដោយក្តីរីករាយក្រៃលែងបំផុត ក្នុងការផ្តល់កិច្ចសម្រួលដល់ក្រុមហ៊ុន ក្នុងដំណើរការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន”៕