ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (Wanli Tire) បាននិងកំពុងសាងសង់តំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត នៅក្រុងបាវិត។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងពេលលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលជួបលោក You Jinbiao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វ៉ាន់លី ថាយអឺ (Wanli Tire Cambodia Co., Ltd.) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។
-->
ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើង ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនបានជម្រាបជូនដោយផ្ទាល់ អំពីវឌ្ឍនភាពការសាងសង់រោងចក្ររបស់ខ្លួនក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង ជូនលោកឧបនាយករដ្ឋមន្ត្រីបានជ្រាប ក្រោយការដ្ឋាននេះបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤កន្លងទៅ។

តំណាងក្រុមហ៊ុន វ៉ាន់លី ថាយអឺ បានឆ្លៀតឱកាសនេះ ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងគ្រប់បណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានសម្របសម្រួល ដល់កិច្ចវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាអាចប្រកបទៅដោយរលូន រហូតអនុញ្ញាតឱ្យក្រុមហ៊ុនអាចបិទបញ្ចប់ការដ្ឋានសាងសង់ និងផ្ដើមផលិតកម្មនាពេលឆាប់ៗខាងមុខនេះ។
លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧបនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងទាក់ទាញក្រុមហ៊ុនឱ្យមកវិនិយោគនៅកម្ពុជា និងបន្តរក្សាបាននូវទំនុកចិត្តរបស់ក្រុមហ៊ុនមកលើប្រទេសកម្ពុជា។
តំណាងក្រុមហ៊ុនក៏បានជម្រាបបន្ថែមថា ក្រោយចាប់ផ្ដើមអនុវត្តពេញផលិតកម្ម ក្រុមហ៊ុនរំពឹងនឹងអាចផ្ដល់ឱកាសការងារបានប្រមាណ ១៥០០កន្លែង ហើយខ្លួននឹងរៀបចំ ឱ្យមានវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ពិសេសឱកាសជូននិយោជិត ទៅសម្រួចបច្ចេកទេសនៅប្រទេសចិនបន្ថែមផងដែរ។
មានប្រសាសន៍ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានជឿទុកចិត្តរាជរដ្ឋាភិបាលកម្ពុជា រហូតសម្រេចចិត្តមកបណ្ដាក់ទុនវិនិយោគ បង្កើតរោងចក្ររបស់ខ្លួននៅកម្ពុជា។
លោកបញ្ជាក់ថា “ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តជំរុញការសម្របសម្រួល គាំទ្រការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា កាន់តែរីកចម្រើន អាចបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ បានកាន់តែច្រើនបន្ថែមទៀត”៕

