ក្រុមហ៊ុនលំដាប់យក្សជប៉ុនពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដោយជ្រើសរើសយកខេត្តពោធិ៍សាត់ជាមូលដ្ឋាន
ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកលំដាប់យក្សរបស់ជប៉ុន Minebea Mitsumi កំពុងជំរុញគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជា ខណៈដែលក្រុមហ៊ុនបាន និងកំពុងត្រៀមសម្ពោធរោងចក្រទីបួនរបស់ខ្លួន នៅខេត្តពោធិ៍សាត់ក្នុងខែតុលានេះ។
ផែនការនេះ ធ្វើឡើងដោយនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi លោក Yoshihisa Kainuma ក្នុងជំនួបជាមួយលោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃសុក្រសប្តាហ៍មុន។
-->
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា អំពីវឌ្ឍនភាពអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា។
លោក Yoshihisa Kainuma បានមានប្រសាសន៍ថា ក្រុមហ៊ុន MinebeaMitsumi Co., Ltd. បានវិនិយោគនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ហើយបានបន្តពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនពីរោងចក្រទី១ ដល់រោងចក្រទី៣ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Royal Group Phnom Penh ជាមួយនឹងទុនវិនិយោគសរុបប្រមាណ៧២៥លានដុល្លារ។
លោកបានបន្តថា រោងចក្រទី៤ ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ កំពុងបញ្ចប់ការសាងសង់អគាររោងចក្រហើយកំពុងបំពាក់គ្រឿងចក្រ និងឧបករណ៍ផលិតកម្ម ហើយគ្រោងនឹងចាប់ផ្តើមផលិតនៅខែតុលានេះ”។
លោកបញ្ជាក់ថា ទោះបីជាមានភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏ដំណើរការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជានៅតែបន្តដំណើរទៅមុខ។
ពិធីបើកការដ្ឋានសាងសង់ក្រុមហ៊ុន MinebeaMitsumi នៅខេត្តពោធិសាត់បានប្រព្រឹត្តិទៅ កាលពីខែកញ្ញា ឆ្នាំ២០២៤។
លោកបានបន្ថែមថា កម្មករប្រហែល៩,០០០នាក់ របស់ក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍជំនាញរបស់ពួកគេ ក្នុងការផលិតឧបករណ៍អេឡិចត្រូនិក ឧបករណ៍អគ្គិសនី និងគ្រឿងបន្លាស់រថយន្ត សម្រាប់ការផលិតរបស់រោងចក្រទីបួន៕
ក្រុមហ៊ុនជប៉ុន Minebea Mitsumi នៅកម្ពុជា កំពុងត្រៀមសម្ពោធរោងចក្រទីបួនរបស់ខ្លួន នៅខេត្តពោធិ៍សាត់ក្នុងខែតុលានេះ។