ដោយៈ ម៉ាណា
ព្រះសីហនុៈ រដ្ឋាភិបាលបានអនុម័ត គម្រោងវិនិយោគចំនួន១៧ នៅក្នុងខេត្តព្រះសីហនុ ជាមួយទំហំទុនវិនិយោគសរុប២៨០លានដុល្លារ និងបង្កើតការងារបានប្រហែល២ពាន់កន្លែង។
បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ កម្មវិធីជម្រុញការវិនិយោគខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេសឱ្យគម្រោងវិនិយោគសរុប៣៩២ ដែលស្មើនឹងទុនវិនិយោគប្រមាណ៧,៨ពាន់លានដុល្លារ និងអាចបង្កើតការងារជាង៥ម៉ឺនកន្លែង។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ លោក ហ៊ាន សាហ៊ីប កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះមានការចូលរួម ពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តព្រះសីហនុ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
លោក សាហ៊ីប បានជម្រាបជូនអង្គប្រជុំថា ដូចកិច្ចប្រជុំលើកមុនៗ ក្រុមការងារនឹងពិនិត្យ ហើយសម្រេចជាគោលការណ៍ផ្តល់នូវការលើកទឹកចិត្តពិសេសដល់គម្រោងនានា ដែលបានដាក់ស្នើសុំការលើកទឹកចិត្ត។ រាល់គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្ត គឺក្រុមការងារ និងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងជួយសម្របសម្រួល ដោះស្រាយបញ្ហា សំណូមពរ សម្រួលនីតិវិធី និងផ្តល់ការលើកទឹកចិត្តជាក់ស្តែង។ លោកបន្តថា គោលការណ៍លើកទឹកចិត្តនោះមាន ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ពន្ធគយ ការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ រួមទាំងការចុះបញ្ជីក្រុមហ៊ុន និងការចេញប្រកាសបើករោងចក្រ ដើម្បីឱ្យវិនិយោគិនអាចដំណើរការការ វិនិយោគរបស់ខ្លួននៅក្នុងទឹកដីខេត្តព្រះសីហនុដោយរលូន។

លោកបញ្ជាក់បន្ថែមថា ទី១ ក្រុមការងារនឹងផ្តល់គោលការណ៍លើកទឹកចិត្ត ទី២ ក្រុមការងារនឹងផ្តោតការយកចិត្តទុកដាក់ធ្វើឱ្យគោលការណ៍នោះ ក្លាយជាការផ្តល់ការលើកទឹកចិត្តជាក់ស្តែង និងទី៣ ក្រុមការងារត្រូវផ្តោតការយកចិត្ត លើការជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ឱ្យបានជាអតិបរិមា ដើម្បីផ្ទេរចំណេះដឹង ជំនាញ និងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក សំដៅឈានទៅភាពម្ចាស់ការដោយកម្ពុជា ខ្លួនឯងនូវសមត្ថភាពផលិតក្នុងស្រុក ឱ្យបានជាអតិបរិមា ទាំងបរិមាណ គុណភាព និងប្រភេទទំនិញ។
គម្រោងទាំង១៧ មានដូចជា គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ គម្រោងរោងចក្រកែច្នៃអាលុយមីញ៉ូម គម្រោងបង្កើតរោងចក្រផលិតសម្ភារសម្រាប់សត្វចិញ្ចឹម គម្រោងអគារពហុមុខងារ និងគម្រោងសណ្ឋាគារ៕
