
ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំំណង់ លោកសាយ សំអាល់បានលើកឡើងថា ផ្លូវជាតិទាំងអស់ចេញពីនៅភ្នំពេញ នឹងពង្រីកបន្ថែមនៅពេលអនាគត។
លោកបញ្ជាក់កាលពីចុងសប្តាហ៍មុនថា បន្ទាប់ពីពង្រីកហើយ ក្រុងភ្នំពេញ ប្រហែលជាមិនចាំបាច់មានភ្លើងស្តប់ចរាចរណ៍ទៀតទេ ខណៈបច្ចុប្បន្នក្រុងភ្នំពេញ កំពុងបង្កើតសួនច្បារសាធារណៈផងដែរ។
លោកបានបញ្ជាក់ថា “ការរៀបចំក្រុងបានត្រឹមត្រូវ អត្រាគ្រឿងញៀន ជំងឺទឹកនោមផ្អែម ចោរកម្ម នឹងថយចុះជាមិនខាន ព្រោះបញ្ហាទាំងនេះទាក់ទងនឹងលម្ហរសាធារណៈ”។ លោកបន្ថែមថា “ក្រុងដែលមិនមានលម្ហរសាធារណៈ គឺមានបញ្ហាជំងឺ គ្រឿងញៀន អំពើហិង្សា និងការបៀតបៀនជាដើម។ អ៊ីចឹងហើយបានជាយើងខ្ញុំ ប្រឹងប្រែងដោះស្រាយអគារមិនរៀបរយនិងអគារចាស់ទ្រុឌទ្រោម”។
លោកក៏បានលើកឡើងថា ប៉មស្ថានីយអង់តែនផ្សាយទូរទស្សន៍ជាតិកម្ពុជាដែលគេស្គាល់ជាទូទៅថា អង់តែនទួលគោកនៅខណ្ឌទួលគោក នឹងត្រូវរុះរើចេញ ដើម្បីពង្រីកផ្លូវក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍នៅទីនោះ ព្រោះបច្ចុប្បន្ននៅម្ដុំនោះមានការកកស្ទះចរាចរណ៍ជាខ្លាំង ដោយសារតែផ្លូវមានលក្ខណៈតូចចង្អៀត។
លោកបានលើកឡើងពីការចូលរួមរៀបចំក្រុង និងទីប្រជុំជន ដើម្បីការរស់នៅ របស់ប្រជាជនមានភាពប្រសើរឡើង។

លោកបានបានបញ្ជាក់ថា លោកបានសហការជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងព័ត៌មាន បានពិភាក្សាគ្នាលើការរុះរើប៉មអង់តែនទួលគោកចេញ ដើម្បីពង្រីកផ្លូវកាត់បន្ថយការកកស្ទះរំហូរចរាចរណ៍។
លោកខោល ផន អ្នកមើលការខុសត្រូវប៉មស្ថានីយអង់តែនផ្សាយទូរទស្សន៍ជាតិកម្ពុជាបាននិយាយថា លោកបានដឹងពីគម្រោងរុះរើប៉មអង់តែនទួលគោក ជាតម្រូវការរបស់រដ្ឋាភិបាល តែលោកមិនដឹងច្បាស់ពីពេលវេលាត្រូវរុះរើ និងរុះរើក្នុងគោលបំណងអ្វីដែរ។ លោកបន្ថែមថា ប៉មស្ថានីយអង់តែនផ្សាយទូរទស្សន៍ជាតិកម្ពុជា នឹងដំឡើងថ្មីនៅតំបន់ភ្នំរាបស្ថិតនៅខណ្ឌព្រែកព្នៅ។
ជាមួយគ្នានេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានបង្ហាញការគាំទ្រ ចំពោះការរុះរើប៉មស្ថានីយអង់តែនផ្សាយទូរទស្សន៍ជាតិកម្ពុជា ដើម្បីពង្រីកផ្លូវកាត់បន្ថយការកកស្ទះចរាចរណ៍នៅទីនោះ ព្រោះលោកបានកត់សម្គាល់ឃឃើញថា ផ្លូវម្ដុំនោះពិតជាមានការកកស្ទះចរាចរណ៍ខ្លាំងពិតមែន។
លោកបន្តថា “ប្រសិនបើមានរៀបចំពង្រីកផ្លូវនៅទីនោះ បានប្រសើរជាងស្ថានភាពបច្ចុប្បន្ន គឺជារឿងល្អទាំងការលើកកម្ពស់បរិស្ថាន ការកាត់បន្ថយការកក់ស្ទះចរចារណ៍ និងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទៀតផង”។
លោកបានបន្ថែមថា ការពង្រីកផ្លូវបែបនេះ គឺជាការងារដ៏សំខាន់មួយដែលស្របគ្នា នឹងការអនុវត្តផែនការសកម្មភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងទទួលជោគជ័យ ទោះអត្រាអ្នកស្លាប់និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅមានចំនួនខ្ពស់នៅឡើយក៏ដោយ ប៉ុន្តែវាមានការថយចុះជាងមុន៕







