ដោយៈ គង់ សូរិយា
ភ្នំពេញៈ តំណាងវិនិយោគិនអ៊ឺរ៉ុប បានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា។
ការបង្ហាញនេះ ធ្វើឡើង ក្នុងពេលលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូត គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប ដោយមានការចូលរួមពី លោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EuroCham) លោក Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាធុរកិច្ចសហភាពអ៊ឺរ៉ុប-អាស៊ាន (EU-ABC) វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូបកាលពីថ្ងៃម្សិលម៉ិញ។
-->
តាមរយៈវេទិកានៃកិច្ចសន្ទនានាព្រឹកនេះ តំណាងវិនិយោគិនអ៊ឺរ៉ុបបានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការ។
ជាមួយគ្នានេះ ពួកគេក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធន៍ ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយនានា បន្ទាប់ពីបានលើកឡើង នៅកិច្ចប្រជុំទាំង២លើកកន្លងមក។

កិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអឺរ៉ុប នាព្រឹកនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈ ដែលបានគ្រោងទុក ដោយបានលើកយកប្រធានបទ ជាអាទិភាពមកពិភាក្សាយ៉ាងផុសផុល ពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា របស់វិនិយោគិនអឺរ៉ុប សំដៅបន្តពង្រឹងវឌ្ឍនភាពដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពីរលើកកន្លងមក។
លោកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ទៅកាន់ ឯកឧត្តមឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូ សហភាពអឺរ៉ុបប្រចាំកម្ពុជា លោកប្រធាន EuroCham ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ប្រចាំនៅកម្ពុជា តំណាងក្រសួងស្ថាប័ន តំណាងវិស័យឯកជនអឺរ៉ុប ដែលបានអញ្ជើញ ចូលរួមយ៉ាងកុះករនាឱកាសនេះ និងបានថ្លែងអំណរគុណទៅកាន់វិនិយោគិន មកពីសហភាពអឺរ៉ុបទាំងអស់ ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់៕

