ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមហ៊ុនGOMI RECYCLE បាននិងកំពុងវិនិយោគលើការកែច្នៃសំរាមពីថង់ផ្លាស្ទិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយាល់ភ្នំពេញ។
ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹង នៅពេលលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាត្តទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុនGOMI RECYCLE ដឹកនាំដោយលោក Okumura Yusuke ប្រធានក្រុមហ៊ុន។
លោក Okumura Yusuke ប្រធានគណៈប្រតិភូបានជម្រាបជូនថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុង ដំណើរការគម្រោងវិនិយោគកែច្នៃសំរាម (ប្រមូលសំរាមប្លាស្ទិកដើម្បីកែច្នៃ) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ។

ដោយមានការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការធានាបានូវបរិស្ថានវិនិយោគដ៏ល្អប្រសើរ នៅពេលនេះក្រុមហ៊ុនបានសម្រេចចិត្តពង្រីកការវិនិយោគ ដោយពង្រីកបន្ថែមលើការប្រមូលសំរាមប្លាស្ទិក គឺប្រមូលសំរាមទូទៅពីក្រុមហ៊ុន ដែលកំពុងមានផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដើម្បីកែច្នៃ។ កន្លងមក ក្រុមហ៊ុនបានវិនិយោគកែច្នៃសំរាមប្លាស្ទិកដើម្បីផលិតជាវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារិម។
ជាការឆ្លើយតប លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគនៅកម្ពុជា និងបានសម្តែងនូវការស្វាគមន៍ គម្រោងពង្រីកការវិនិយោគនេះ ដែលនឹងអាចចូលរួមបង្កើតការងារបន្ថែម ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងចូលរួមសម្អាតបរិស្ថាន៕








