ដោយ៖ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលបាននិងកំពុងសិក្សារកមូលហេតុ ដែលនាំឲ្យតម្លៃជ្រូកក្នុងស្រុកធ្លាក់ចុះ ខណៈសមាគមកសិករចិញ្ចឹមជ្រូក បានស្តីបន្ទោសពីការនាំជ្រូកលើសកូតាកំណត់របស់ក្រសូង។
លោកជំទាវ ស្រី អ៊ុក សាវិន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទបានលើកឡើង នៅក្នុងសិក្ខាសាលាស្តីពី ការវិវឌ្ឍន៍វិស័យចិញ្ចឹមសត្វនៅកម្ពុជា ដែលបានប្រារពធ្វើនៅថ្ងៃទី១៥ខែធ្នូនេះថា រាជរដ្ឋាភិបាលមិននៅស្ងៀម ចំពោះបញ្ហាធ្លាក់ចុះនៃតម្លៃជ្រូកក្នុងស្រុកនោះទេ គឺកំពុងសិក្សាពីមូលហេតុដែលនាំឱ្យកើតមានបញ្ហាតម្លៃជ្រូករស់ក្នុងស្រុកមានតម្លៃថោក ឯសាច់ជ្រូកនៅតែថ្លៃ ដើម្បីជួយដល់អ្នកចិញ្ចឹមផង និងការពារកុំឱ្យប៉ះពាល់ដល់អ្នកបរិភោគផង។
លោកជំទាវបន្តថា “ក្រសួងកសិកម្មបាន និងកំពុងមានវិធានការយ៉ាងម៉ឺងម៉ាត់ទប់ស្កាត់ការនាំចូលខុសច្បាប់ ហើយក៏មានការស្នើសុំបង្កើតច្បាប់ស្តីពី ការត្រួតពិនិត្យ ចំពោះការលក់ក្រោមតម្លៃដើមដែលមានន័យថា អ្នកលក់ក្រោមតម្លៃដើមត្រូវតែមានទោសតាមច្បាប់កំណត់។ លោកជំទាវបន្តថា“ តម្លៃសត្វជ្រូករបស់កសិករនឹងប្រសើរឡើងវិញ ក្នុងពេលខាងមុខនេះ តាមរយៈយន្តការផ្លូវច្បាប់នានា ពិសេសបង្កើនសមត្ថភាព គុណភាពផលិត និងរកវិធីសាស្ត្រប្រមូលវត្ថុធាតុដើមក្នុងស្រុក ដើម្បីផលិតចំណី ឆ្លើយតបនឹងតម្រូវការចិញ្ចឹម។
កសិករចិញ្ចឹមជ្រូក នៅឃុំដីឥដ្ឋក្នុងស្រុកគៀនស្វាយ ខេត្តកណ្តាល លោកស្រី ម៉ក់ សុជាតិនិយាយថា នៅក្នុងឆ្នាំ២០១៧នេះ កសិករ អ្នកប្រកបរបរចិញ្ចឹមជ្រូក ខ្នាតតូច និងមធ្យម នៅក្នុងប្រទេសកម្ពុជា តម្លៃជ្រូកបានធ្លាក់ចុះយ៉ាងខ្លាំង ធ្វើឱ្យពួកគេប្រឈមមុខ នឹងការបិទទ្វារកសិដ្ឋានជាបណ្តើរៗ ព្រមទាំងប្រឈមមុខនឹងបំណុល ធនាគារ អាចនឹងរឹបអូសទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់ពួកគាត់នាពេលខាងមុខ។
លោកស្រីបន្តថា “ការចិញ្ចឹមជ្រូករបស់គាត់នៅពេលនេះ កំពុងជួបការលំបាកជាខ្លាំង គឺ១គីឡូលក់បានតែជាង៥ពាន់រៀល ឯថ្លៃដើមផលិតរហូតដល់ទៅជិត៧ពាន់រៀល។
លោកជេត ភិរម្យ តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានទទួលស្គាល់ថា តម្លៃជ្រូកមានការធ្លាក់ចុះយ៉ាងគំហុក ដែលធ្វើឱ្យកសិករជួបនូវបញ្ហាខាតបង់យ៉ាងខ្លាំងពេញមួយឆ្នាំ។ លោកបន្តថា ដើម្បីឱ្យការចិញ្ចឹមជ្រូកមានភាពប្រសើរឡើងវិញ មានតែរាជរដ្ឋាភិបាលជួយធ្វើយ៉ាងណា កាត់បន្ថយការនាំចូលខុសច្បាប់ បង្កើនប្រសិទ្ធភាពក្នុងការត្រួតពិនិត្យនៅតាមច្រកព្រំដែន និងបង់ពន្ធឱ្យបានត្រឹមត្រូវតាមច្បាប់ ដែលបានកំណត់នៅក្នុងសៀវភៅបន្ទុក ចំពោះសត្វដែលនាំចូល ដើម្បីធានាដល់ការរក្សាតម្លៃផលិតផលក្នុងស្រុក និងការប្រកួតប្រជែងតម្លៃក្នុងទីផ្សារ៕