រដ្ឋាភិបាលអនុម័តទុនវិនិយោគប្រមាណ៩២០០លានដុល្លារក្នុងរយៈពេលជីត១០ខែ តើខេត្តណាទទួលបានគំរោងវិនិយោគច្រើនជាងគេ?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោង​វិនិយោគចំនួន៥៧៥ ​ នៅ​ក្នុង​​​រយៈ​ពេល១០​ខែ​នៃ​​ឆ្នាំ​២០២៥ ​កើន​ជិត៧០ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​​ឆ្នាំ​២០២៤។

ចំនួនភាគ​ច្រើន ​នៃ​គម្រោងវិនិយោគ​ទាំង​នោះ ​​ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ស្វាយរៀង​។

យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់CDC ដែលបានចេញ​ផ្សាយ​កាលពីសប្តាហ៍មុនបានឱ្យដឹងថា ចន្លោះ​ពី​ខែ​មករា-​តុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើ​គម្រោងវិនិយោគសរុប៥៧៥គម្រោង (ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស២១៨ និង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស៣៥៧)​ ក្នុងទំហំទុនវិនិយោគសរុប៩,២ ពាន់លានដុល្លារ គឺចំនួន​គម្រោងវិនិយោគ​បាន​កើន​ឡើង​២២៩គម្រោង ស្មើ ៦៦% ខណៈទុនវិនិយោគ​ កើន​ជិត៣,៧ពាន់​លាន​ដុល្លារ ឬស្មើ ៦៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគ៣៤៦គម្រោង ​ក្នុងទំហំទុនវិនិយោគ៥,៥ ពាន់​លានដុល្លារ។​

ភាគ​ច្រើន​នៃ​គម្រោង​ទាំង​នោះ ​​ស្ថិត​ក្នុងខេត្ត​​កំពង់ស្ពឺ ដោយ​​មាន​ចំនួន១៣០ ស្វាយរៀង១២៩ រាជធានីភ្នំពេញ៦៨ ខេត្តតាកែវ៥៩ កោះកុង៥០ កណ្តាល៤៧ ព្រះសីហនុ៤៥ និង​ខេត្ត​ផ្សេងៗ​ទៀត។​

CDC បញ្ជាក់​ថា៖«​ជាការកត់សម្គាល់ត្រឹមតែរយៈពេល ១០ខែ CDC បានចុះបញ្ជីគម្រោងវិនិយោគ លើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ១៦១គម្រោង។

របាយការណ៍បានឲ្យដឹងទៀតថា ក្នុង​ចំណោម​ទុន​វិនិយោគ​ទាំង ៩,២ពាន់លាន​ដុល្លារ បានវិនិយោគលើ​វិស័យ​ឧស្សាហកម្ម មាន​ចំនួន​ ៥,៥ ​ពាន់លាន​ដុល្លារ វិស័យ​កសិកម្ម និង​កសិ-​ឧស្សាហកម្ម៤០៥ ​លាន​ដុល្លារ វិស័យ​ទេសចរណ៍១៧៥លាន​ដុល្លារ និង​វិស័យហេដ្ឋារចនាសម្ព័ន្ធ និង​​ផ្សេងៗ៣,១ ​ពាន់លាន​ដុល្លារ។ គម្រោង​​ទាំង៥៧៥ អាច​បង្កើតការងារបាន​ប្រហែល៤០ម៉ឺន​កន្លែង។

សម្រាប់​ប្រភព​ទុនវិនិយោគ​ដែល​ឈានមុខ​គេ គឺ​ប្រទេស​ចិន​មាន​ចំណែក៥២,៣៨​% កម្ពុជា៣២,៨៩% សិង្ហបុរី៥,៩៧​% វៀតណាម ៤,៤២%, ក្រៅ​ពី​នោះ មានកោះ British Virgin, ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កោះCayman និង​កោះSamoa ជាដើម​។

អ្នក​វិភាគសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា លោកបណ្ឌិតហុង  វណ្ណៈ បានមានប្រសាសន៍ឲ្យដឹថា ទោះក្នុង​បរិបទ​ដែល​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​ពិភពលោក​ ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់ ក៏​កម្ពុជា​នៅ​តែ​មាន​សក្តានុពល​គ្រប់​គ្រាន់ ​ដើម្បី​​​ទាក់​ទាញ​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូល​មក​បណ្តាក់​ទុន​​កាន់​តែ​ច្រើន​​។

លោក​ពន្យល់​ថា “មូល​ហេតុ​ដែល​កម្ពុជា ​អាច​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​​មក​បើករោងចក្រ ​/សហគ្រាស​ គឺ​ដោយ​សារ​ច្បាប់​វិនិយោគ​មាន​ភាព​អំណោយផល សម្បូរ​​ពលកម្ម​វ័យ​ក្មេង ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូនងាយស្រួល និង​ជា​ពិសេស​សមាន​ទីផ្សារ ​ប្រទេស​ជា​ច្រើន​ចាំ​ទទួល​ទិញ”។

លោក​បន្តថា ​ការ​កើន​ឡើង​នៃ​ចំនួន​គម្រោង​​ស្នើសុំ​វិនិយោគ និងកំណើន​ការ​​អនុម័ត​​របស់​អាជ្ញាធរ បាន​បញ្ជាក់​ពី​ទំនុក​ចិត្តរបស់​វិនិយោ​គិន​ ចំពោះ​បរិយាកាស​អាជីវកម្ម​នៅ​កម្ពុជា ក៏​ដូច​ជា​ភាព​ធំទូលាយ​នៃ​ទីផ្សារ​នាំ​ចេញ​​។ ចំនួន​គម្រោង​វិនិយោគ​នៅ​កម្ពុជា​ នឹង​កើន​ឡើង​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ។​ ​

កាល​ពីឆ្នាំ​២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​លើ​គម្រោង​វិនិយោគ​សរុប​៤១៤ កើន​ឡើង៥៤%​​(​១៤៦ គម្រោង) ​បើ​ធៀប​នឹង​ឆ្នាំ ២០២៣ ដែល​មាន​ចំនួន២៦៨គម្រោង។ ចំណែក​ទុន​វិនិយោគ​សរុប​របស់​គម្រោង​ទាំង៤១៤ ​មានចំនួន​ប្រមាណ៦,៩ពាន់​លាន​ដុល្លារ កើន​ឡើង៤០​%​ ពី​ចំនួន៤,៩២ ពាន់​លាន​ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here