ទុនវិនិយោគ៤០០លានដុល្លារកំពុងចាក់បញ្ចូលទៅកាន់ខេត្តចំនួន៤ នៅភូមិភាគឦសាន

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋាភិបាលបានអនុម័តទុនវិនិយោគ ចំនួន៤០០លានដុល្លារ ដែលផ្តោតលើខេត្តចំនួន៤នៅភូមិនភាគឦសានប្រទេស កន្លែងដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញកម្មវិធីលើកទឹកចិត្តការវិនិយោគ។

គម្រោងវិនិយោគទាំងនោះមានចំនួន១១ និងអាចបង្កើតការងារ ៨០០កន្លែង នៅភូមិភាគឦសាន ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល ខណៈគិតត្រឹមថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២៥ តំបន់​ភូមិភាគឦសាន ទទួលបាន​សំណើគម្រោងវិនិយោគចំនួន២១ ដែលមានទំហំទុនវិនិយោគសរុបប្រមាណ៧០០លានដុល្លារអាមេរិក​។

នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេសជាលើកទី២ សម្រាប់គម្រោង​វិនិយោគចំនួន១១ ក្រោមទុនវិនិយោគសរុបប្រមាណ៤០០ លានដុល្លារអាមេរិកកាលពីចុងខែតុលា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ​ជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានឱ្យដឹងថា គម្រោងវិនិយោគចំនួន១១ ក្នុងនោះរួមមានគម្រោង​ចំនួន៤ នៅខេត្តក្រចេះ។ ១នៅខេត្តស្ទឹងត្រែង។ ៤ នៅខេត្តរតនគិរី និង២នៅខេត្តមណ្ឌលគិរី ដែលគ្រប​ដណ្តប់​លើវិស័យនិងសកម្មភាពចម្រុះមានជាអាទិ៍ សកម្មភាពផលិតកម្ម និងការកែច្នៃកសិ​កម្ម ការដាំដុះ និងការកែច្នៃដំណាំ​កសិ-ឧស្សាហកម្ម ការសាងសង់សណ្ឋាគារ-រីសត ការបង្កើតគ្រឹះស្ថានអប់រំ ថែរទាំសុខភាពឯកជន និង ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលក្នុងនោះគម្រោងសាងសង់កំពង់ផែពហុបំណង និងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់និងអាជីវកម្មពាក់ព័ន្ធ ក្នុងខេត្តក្រចេះមានទុនវិនិយោគប្រមាណ៣៥០លានដុល្លារអាមេរិក។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្តថា កំពង់ផែពហុបំណងនេះ នឹងក្លាយជាកំពង់ផែពហុបំណងដំបូងរបស់ខេត្តផង និងសម្រាប់ភូមិភាគឦសានផង ដែលនឹងដើរតួនាទីសំខាន់ ក្នុងការបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹក និងប្រែក្លាយតំបន់នេះ ទៅជាមជ្ឈម​ណ្ឌលឡូជីស្ទីក សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និងឧស្សាហកម្ម ក៏ដូចជា ការតភ្ជាប់ជាមួយនឹងប្រព័ន្ធឡូជីស្ទីក នៃព្រែកជីកហ្វូណនតេជោនាពេលអនាគត។

បន្ថែមលើភាពចម្រុះនៃវិស័យវិនិយោគ ភូមិភាគឦសានក៏ទទួលបានការចាប់អារម្មណ៍ ពីវិនិយោគិនចម្រុះជាតិសាសន៍ផងដែរ។

ជាក់ស្តែងសម្រាប់សំណើលើកនេះ ក្រុមការងារបានទទួលសំណើ​ពីវិនិយោគិនចិន ជប៉ុន វៀតណាម ក៏ដូចជាវិនិយោគិនក្នុងស្រុក ដែលមានទាំងវិនិយោគិនថ្មី និងវិនិយោគិនដែលមានស្រាប់ក្នុងតំបន់ ដែលមានចំណាប់អារម្មណ៍ ក្នុងការពង្រីកវិសាលភាពនៃសកម្ម​ភាពវិនិយោគរបស់ខ្លួន បន្ទាប់ពីបានជ្រួតជ្រាបអំពីអត្ថប្រយោជន៍ពិសេ​សនៃកម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងភូមិភាគឦសាន។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់លើអភិក្រមបុរេសកម្មរបស់“ក.វ.ឦសាន រួមទាំងអនុគណៈកម្មធិការវិនិយោ​​គខេត្ត និងស្ថាប័នពាក់ព័ន្ធ នៅតាមមូលដ្ឋាននៃបណ្តាខេត្តទាំងបួនដែលមានភារកិច្ចសំខាន់ ក្នុងការផ្សព្វផ្សាយអត្ថប្រយោជន៍ពិសេស របស់កម្មវិធីពិសេសនេះ ឱ្យបានទូលំទូលាយ និងជួយផ្តល់ការគាំទ្រ ការប្រឹក្សាយោបល់ និងការសម្រួលនីតិវិធីជាអតិបរមា ប្រយោជន៍ដើម្បីបង្កើតបរិយាកាសកក់ក្តៅ ភាពទាក់ទាញនៃវិនិយោគ និង ការចូលរួមក្នុងបេសកកម្មរួម ក្នុងការជំរុញ និងថែរទាំវិនិយោគនៅភូមិភាគឦសាន ។

ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារ និងអនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវចុះទៅកាន់ទីតាំងវិនិយោគជាប្រចាំ ទោះបីជាមានឬមិនមានសំណើ គម្រោងវិនិយោគក្តី ដើម្បីជួបជាមួយវិនិយោគិន ស្តាប់អំពីកង្វល់/បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ សមស្របសម្រាប់វិនិយោគិន ដូចអ្វីដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី បានក្រើនរំលឹកអំពីតួនាទីជា “អ្នកដោះស្រាយបញ្ហា” មិនមែនជា “អ្នកបង្កបញ្ហា”។

លោកបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និងការគាំទ្រសកម្ម ដល់ ក.វ.ឦសាន ក្នុងការបំពេញតួនាទីជា “ច្រកចេញចូលតែមួយ” ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ក្នុងស្មារតី “ជវភាព​នៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីផ្តល់ដំណោះស្រាយជាកញ្ចប់ ដល់វិនិយោគិន និងធានាឱ្យបានថា ក.វ.ឦសាន គឺជាដៃគូពិតប្រាកដរបស់វិស័យឯកជន ក្នុងការជំរុញការវិនិយោគក្នុងភូមិភាគឦសាន។

នៅពេលដែលទទួលបាន ការលើកទឹកចិត្តពិសេសទាំងនេះ វិនិយោគិនឯកជន ត្រូវផ្តោតការយកចិត្តទុកដាក់ ក្នុងការអនុវត្តគម្រោងជាក់ស្តែងតាមផែនការដែលបានស្នើសុំ ជាពិសេសត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ ការផ្ទេរជំនាញ ការខិតខំកែច្នៃ និងការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម និងការជំរុញបរិវត្តកម្មពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ ដែលមានតម្លៃបន្ថែមកាន់តែប្រសើរ សម្រាប់សង្គម-សេដ្ឋកិច្ចជាតិ។

គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៥ ក.វ.ឦសាន បានទទួលសំណើគម្រោងវិនិយោគចំនួន២១គម្រោង ដែលមានទំហំទុនវិនិយោគសរុបប្រមាណ៧០០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here