ដោយៈ ម៉ាណា
ប្រទេសចិនៈ លោក Huang Xinliang អគ្គនាយករងក្រុមហ៊ុន Hangxiao Steel Structure ដ៏ធំរបសចិនបានបង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា។
ព័ត៌មាននេះត្រូវបានលើកឡើងនៅពេល លោកយក់ ឧសភា អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គកុងស៊ុល បានចូលរួមអម លោកអគ្គកុងស៊ុលកម្ពុជា និងសហការី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុននេះ។
ក្នុងជំនួបនោះ លោកHuang បានសម្តែងអារម្មណ៍សប្បាយរីករាយ និងបានរៀបរាប់អំពីប្រវត្តិរបស់ក្រុមហ៊ុនរបស់លោក ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ អំពីឱកាសវិនិយោគនៅប្រទេសកម្ពុជា និងបានឯកភាព លើការបន្តជួបភាគីកម្ពុជានៅខែបន្ទាប់ និងបានអញ្ជើញភាគីកម្ពុជាទៅទស្សនកិច្ចសិក្សា នៅក្រុមហ៊ុនរបស់លោកនៅទីក្រុងហានចូវ ខេត្តជឺជាង ក្នុងពេលខាងមុខផងដែរ។

ជាការឆ្លើយតប លោកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃបានបង្ហាញនូវការគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនរបស់លោក Huang ដែលមានបំណង ចង់ទៅវិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងបានលើកឡើង អំពីចំណុចលើកទឹកចិត្តមួយចំនួន ដែលមានចែងក្នុងច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា និងបន្តណាត់ជួបក្រុមហ៊ុនរបស់លោក Huang បន្ថែមទៀត ដើម្បីបន្តនូវវឌ្ឍនភាព និងឈានទៅដល់កិច្ចសហប្រតិបត្តិការ ក្នុងពេលខាងមុខឆាប់ៗនេះ។
ក្រុមហ៊ុន Hangxiao Steel Structure បានបង្កើតឡើងនៅឆ្នាំ ១៩៨៥ រហូតមកដល់ពេលនេះ ជាក្រុមហ៊ុនមួយដែលមានការបោះសម្លេងក្នុងប្រទេសចិន ដែលវិនិយោគលើវិស័យរចនាសម្ព័ន្ធដែក ផ្លូវដែក ស្ពាន មជ្ឍមណ្ឌលពាណិជ្ជកម្ម ព្រលានយន្តហោះ ការរចនាម៉ូតគម្រោង ការផលិតនិងសាងសង់៕







