ដោយៈ ម៉ាលីនណា
ព្រៃវែងៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា បានដឹកនាំគណៈកម្មការអន្តរក្រសួងស្ថាប័ន ចុះពិនិត្យទីតាំងសំណើសុំវិនិយោគ បង្កើតផែស្ងួតរបស់ក្រុមហ៊ុន S.S.R Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្នុងដំណើរបេសកកម្មការងារនេះ ក៏មានវត្តមានចូលរួមពីតំណាងក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រសួងផែនការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងតំណាងរដ្ឋបាលខេត្តព្រៃវែងផងដែរ។
-->
គម្រោងផែស្ងួតនេះជាគម្រោងទី១ ដែលបាននិងកំពុងរៀបចំបង្កើតឡើងនៅតំបន់នោះ ក្នុងទំហំទុនវិនិយោគប្រមាណ២០លានដុល្លារអាមេរិក លើផ្ទៃដីទំហំប្រមាណជាង១០ហិកតា ដែលសកម្មភាពនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់គំាទ្រ ដល់សកម្មភាពដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននាពេលខាងមុខ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ កម្ពុជា-វៀតណាម និងបង្កើតនូវការងារជាច្រើនកន្លែង សម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ។

ក្នុងទិដ្ឋភាពរួមរបស់គម្រោងផែស្ងួតនេះ នឹងមានការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងគំាទ្រនានាដែលរួមមាន អគារការិយា ល័យ អគារពាណិជ្ជកម្ម កន្លែងផ្លាស់ប្តូរទំនិញ ទីតាំងតម្កល់កុងតឺន័រ និងឃ្លាំងស្តុកទំនិញជាដើម។
ក្រៅពីបានដឹកនាំក្រុមការងារចុះពិនិត្យ ទីតាំងគម្រោងវិនិយោគខាងលើ ឯកឧត្តមអគ្គលេខាធិការ ក៏បានឆ្លៀតចុះពិនិត្យមើលច្រកទ្វារព្រំដែនអន្តរជាតិអន្តរជាតិម៉ឺនជ័យ កម្ពុជា-វៀតណាម ដើម្បីស្វែងយល់ពីទិដ្ឋភាពរួម នៃការវិវត្តរីកចម្រើននៅតំបន់នោះ និងបានជម្រាបជូនពីការត្រៀមលក្ខណៈ របស់គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការចូលរួមធ្វើការជាមួយ គ្រប់ភាគីពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្តព្រៃវែង ក្នុងការផ្សព្វផ្សាយសក្តានុពលវិនិយោគរបស់តំបន់នេះ ជូនដល់វិនិយោគិនជាតិ និងអន្តរជាតិ៕
