ប្រតិភូវិនិយោគមកពីទីក្រុងរួយលី ប្រទេសចិនស្វែងរកឱកាស វិនិយោគនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ប្រតិភូវិនិយោគមកពីទីក្រុងរួយលី ខេត្តយូណានប្រទេ​សចិនបានបង្ហាញពីចំណាប់អារម្មណ៍ លើការវិនិយោគនៅកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើងនៅពេល អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូទីក្រុងរួយលី (Ruili) ខេត្តយូណាន ប្រទេសចិន ដែលដឹកនាំដោយ លោកម៉ៅ ស៊ាវ (Mao Xiao) លេខាធិការនៃគណៈកម្មាធិការទីក្រុងរួយលី និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃតំបន់ស្វយ័តតឺហុង ដៃ និងជីងផ (Dehong Dai and Jingpo)។

ក្នុងឱកាសនៃជំនួបពិភាក្សានោះ លោក ម៉ៅ ស៊ាវ បានបញ្ជាក់ថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចមកកម្ពុជា គឺដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ គោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ស្ថានភាពនៃកម្លាំងពលកម្ម និងទីតាំងសក្តានុពលសម្រាប់បង្កើតរោងចក្រ។

លោកសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានកំណើនវិនិយោគិនចិន មកកម្ពុជាគួរឱ្យកត់សម្គាល់ ក្នុងនោះវិនិយោគិនទីក្រុងរួយលី ក៏កំពុងសម្លឹងមើលទីផ្សារថ្មីនៅអាស៊ីអាគ្នេយ៍ រួមមានទាំងកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក៏មានគោលដៅចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់គោលនយោបាយ “ផ្លូវមួយ ខ្សែក្រវាត់មួយ” ផងដែរ។

ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា លី ឃុនថៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិភូទីក្រុងរួយលីមកកាន់ព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា បានគូសបញ្ជាក់ពី “មិត្តភាពដែកថែប” ដ៏យូរអង្វែងរវាងកម្ពុជា និងចិន ដោយកត់សម្គាល់ថា ទំនាក់ទំនងនេះបានរីកចម្រើនទៅជាភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ ទីក្រុងរួយលី គឺជាច្រកទ្វារយុទ្ធសាស្រ្តដ៏សំខាន់ របស់ប្រទេសចិនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងជាតំណភ្ជាប់សេដ្ឋកិច្ចដ៏សំខាន់នៅក្នុងច្រករបៀងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

អ្នកឧកញ៉ាបានចាត់ទុកកិច្ចប្រជុំនេះថា “ជាជំហានដ៏សំខាន់មួយក្នុងការអនុវត្តចក្ខុវិស័យរួម សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រក​បដោយគុណភាពខ្ពស់”។

បន្ថែមពីនេះ អ្នកឧកញ៉ា ក៏បានអញ្ជើញអ្នកវិនិយោគមកពីក្រុងរួយលី ឱ្យមកទាញយកអត្ថប្រយោជន៍ ពីបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា ដែលមានស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេងដែលមានសមត្ថភាពប្រកួតប្រជែង និងជាច្រកចូលយុទ្ធសាស្ត្រទៅកាន់ទីផ្សារអាស៊ានដ៏ទូលំទូលាយ។

កិច្ចពិភាក្សាបានផ្តោតសំខាន់ លើការស្វែងរកកាលានុវត្តភាព និងកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលនានា ជាពិសេសវិស័យ៖ ១. អេឡិចត្រូនិក និងទូរគមនាគមន៍ ២. វាយនភណ្ឌ និងកាត់ដេរ ៣. កសិកម្មទំនើប ៤. ទេសចរណ៍ ៥. វិស័យកម្មន្តសាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here