ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបគណៈប្រតិភូមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា (ERIA) ដឹកនាំដោយលោក YAMADA Yasuhiro មន្ត្រីជាន់ខ្ពស់ផ្នែកគោលនយោបាយ ដើម្បីធ្វើការរាយការណ៍ជូនអំពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង កម្ពុជា-ជប៉ុន។
ជំនួបនេះបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និង ERIA ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិស្ថានល្អ ដែលស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា។ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរទស្សនៈយ៉ាងស៊ីជម្រៅលើចំណុចគន្លឹះនានា ដើម្បីធានាថា គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតងនេះ នឹងអាចរួមចំណែកទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសប្រកបដោយគុណភាពខ្ពស់ ព្រមទាំងផ្ដល់នូវឱកាសការងារ និងការផ្ទេរបច្ចេកវិទ្យាទំនើបពាក់ព័ន្ធ ដែលនឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិស្របតាមស្តង់ដារអភិវឌ្ឍន៍បៃតងជាសកល។

-->
ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកាលានុវត្តភាពថ្មីនៃការវិនិយោគនៅកម្ពុជា ជាពិសេស ភាពជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក ដោយបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដំបូងគេបង្អស់លើពិភពលោកដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះជាមួយអាម៉េរិក ដែលបានផ្ដល់ភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិនបរទេស រួមទាំងវិនិយោគិនជប៉ុនផងដែរ ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាម៉េរិក។ បន្ថែមពីនេះ លោកក៏បានគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃ គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលលំហូរភស្តុភារកម្ម កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងធានាបាននូវការតភ្ជាប់ផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។
លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់ ERIA ក្នុងការសិក្សាដ៏មានសារៈសំខាន់នេះ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការសម្រេចចិត្តលើការអនុវត្តគម្រោងនាពេលអនាគត ព្រមទាំងបានសម្តែងនូវអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ ERIA និងបានលើកទឹកចិត្តឱ្យក្រុមការងារបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឱ្យគម្រោងនេះអាចបន្តបោះជំហានទៅមុខដោយរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

