ដោយៈ ម៉ាណា
ភ្នំពេញៈ អគ្គលេខាធិការរងគណៈកម្មាធិការ វិនិយោគកម្ពុជា លោកលឹម វិសាល បានលើកឡើងពីសក្តានុពល និងបរិយាកាសដ៏អំណោយផល សម្រាប់ការវិនិយោគនៅកម្ពុជា ដល់ប្រតិភូធុរកិច្ចបរទេស។
លោកបានលើកឡើង ក្នុងពេលបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច ដែលជាអ្នកវិនិយោគស្ថាប័នដឹកនាំដោយក្រុមហ៊ុន Cambodia Securities Plc។
-->
សមាសភាពគណៈប្រតិភូ រួមមាន តំណាងក្រុមហ៊ុនដែលមានសកម្មភាពធុរកិច្ចក្នុងវិស័យមូលបត្រ និងវិស័យហិរញ្ញវត្ថុ។
គោលបំណងនៃដំណើរទស្សនកិច្ច មកកម្ពុជានាពេលនេះគឺដើម្បីធ្វើការសិក្សាស្វែងយល់បន្ថែម អំពីបរិស្ថានវិនិយោគនៅកម្ពុជា និងស្វែងរកកាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការ មិនត្រឹមតែក្នុងវិស័យមូលបត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិស័យមួយចំនួនផ្សេងទៀតដូចជា កម្មន្តសាល កិច្ចអភិវឌ្ឍឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងហិរញ្ញវត្ថុ។

នៅក្នុងកិច្ចពិភាក្សា លោកលឹម វិសាល បានជម្រាបជូនគណៈប្រតិភូអំពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងវឌ្ឍនភាពសំខាន់ៗមួយចំនួនដែលកម្ពុជាខិតខំសម្រេចបាន ដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា កំណើននៃរំហូរវិនិយោគបរទេសផ្ទាល់មកកម្ពុជា ការរីកចម្រើននៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ល។
បន្ថែមលើនេះ លោកអគ្គលេខាធិការរងក៏បានលើកឡើងពីរបបលើកទឹកចិត្តវិនិយោគ ដែលពោរពេញដោយភាពទាក់ទាញ ពន្ធដារ, កត្តាគន្លឹះនៃការទាក់ទាញវិនិយោគមកកម្ពុជា កិច្ចសម្រួលនិងការថែទាំវិនិយោគ ព្រមទាំងវិធានការគាំទ្រផ្សេងៗ ដែលរាជរដ្ឋាភិបាលបានបន្តដាក់ចេញ សម្រាប់លើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់៕

