ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះពិនិត្យផ្ទាល់ សិក្សាជម្រើសខ្សែផ្លូវ ក្នុងគម្រោងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ភូមិភាគឦសាននៃកម្ពុជា ក្រោមក្របខ័ណ្ឌជំនួយបច្ចេកទេសពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
ការចុះពិនិត្យនេះដឹកនាំដោយឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។ ការចុះពិនិត្យនេះធ្វើឡើងនៅខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ។ កម្មវិធីនេះក៏មានការចូលរួមពីតំណាងធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្រ្តីជំនាញមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ជាច្រើនរូបផងដែរ។

គោលបំណងនៃបេសកកម្មនេះ ត្រូវបានធ្វើឡើង ដើម្បីចុះពិនិត្យស្ថានភាពផ្ទាល់ជាក់ស្តែង ពីបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលពាក់ព័ន្ធ នៅតំបន់ភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ប្រមូលនូវធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ អំពីទិន្នន័យផ្លូវ ការធ្វើចរាចរណ៍របស់បងប្អូនពលរដ្ឋក្នុងតំបន់ និងអ្នកឆ្លងកាត់ ការស្ទង់មតិ និងការពិភាក្សាពិគ្រោះយោបល់ វាយតម្លៃលើគម្រោង ដែលក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបានបញ្ចប់ការសិក្សាបឋម សម្រាប់ការតភ្ជាប់ខេត្តទាំង៤នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសជិតខាង៕







