ដោយៈ ចំណាន
ភ្នំពេញៈ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា លោកលឹម វិសាល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចដឹកនាំដោយក្រុមហ៊ុនCambodia Securities Plc។
ក្នុងជំនួបនោះ លោកលឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយជាមួយគណៈប្រតិភូធុរកិច្ចដឹកនាំដោយក្រុមហ៊ុន Cambodia Securities Plc ដែលអញ្ជើញមកកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីបរិយាកាស និងកាលានុវត្តភាពវិនិយោគ។
-->
សមាសភាពគណៈប្រតិភូធុរកិច្ចនេះ មានតំណាងក្រុមហ៊ុនដែលមានសកម្មភាពក្នុងវិស័យមួយចំនួន ដូចជា វាយនភ័ណ្ឌ ថាមពល វេជ្ជសាស្ត្រ មូលបត្រ និងសេវាហិរញ្ញវត្ថុ។
លោកលឹម វិសាលបានសម្តែងនូវការកោតសរសើរ ចំពោះគណៈប្រតិភូ បើទោះបីស្ថានភាពនៅព្រំដែនកម្ពុជា-ថៃបាននិងកំពុងមានភាពតានតឹងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក៏គណៈប្រតិភូនៅតែអញ្ជើញមកកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ ដែលការណ៍នេះបាងបង្ហាញនូវការជឿជាក់ និងផ្តល់នូវទំនុកចិត្តខ្ពស់ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំ និងការរក្សាបាននូវប្រក្រតីភាពនៃបរិស្ថានវិនិយោគ។

នៅក្នុងកិច្ចពិភាក្សា ឯកឧត្តមអគ្គលេខាធិការរងបានជម្រាបជូនគណៈប្រតិភូអំពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងវឌ្ឍនភាពសំខាន់ៗមួយចំនួន ដែលកម្ពុជាខិតខំសម្រេចបាន ដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើននៃរំហូរវិនិយោគវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ល។
បន្ថែមលើនេះ លោកអគ្គលេខាធិការរងក៏បានលើកឡើងពីរបបលើកទឹកចិត្តវិនិយោគ ដែលពោរពេញដោយភាពទាក់ទាញ កត្តាគន្លឹះនៃការទាក់ទាញវិនិយោគមកកម្ពុជា កិច្ចសម្រួលនិងការថែទាំវិនិយោគ ព្រមទាំងវិធានការគាំទ្រផ្សេងៗ ដែលរាជរដ្ឋាភិបាលបានបន្តដាក់ចេញសម្រាប់លើកកម្ពស់ភាពប្រកួតប្រជែងខ្ពស់។
ទន្ទឹមនេះ គណៈប្រតិភូក៏បានលើកឡើងនូវសំណួរមួយចំនួនពាក់ព័ន្ធនឹងការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ និងវាយនភ័ណ្ឌ៕
