ដោយ ម៉ាណេត
ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង គ្រោងដាក់ឲ្យដំណើរសាកល្បងនៅពាក់កណ្តាលឆ្នាំ២០២០ ស្របពេលនឹងមានសាងសង់កំពង់ផែអន្តរជាតិថ្មីមួយទៀតស្ថិត ក្នុងគម្រោងតារាសាគរដែលមានទុនវិនិយោគ៣,៨ ពាន់ដុល្លារអាមេរិក ខណៈតំបន់ទេសចរណ៍តារាសាគរនេះរំពឹងថា នឹងមានភ្ញៀវអន្តរជាតិជាច្រើនទៅកាន់ទៅតំបន់នេះ ហើយ នឹងអាចប្រែខ្លួនជាតំប់ពាណិជ្ជកម្មចំរុះ។
លោកឧបនាយករដ្ឋមន្រី ហោ ណាំហុង បានធ្វើដំណើរទស្សនៈកិច្ចនៅទីក្រុងតាវាសាគរក្នុងខេត្តកោះកុងកាលដើមសប្តាហ៍នេះបានថ្លែងថា ទីក្រុងនេះមិនសម្រាប់តែវិស័យវិស័យទេសចរណ៍ទេ ប៉ុន្តែសម្រាប់វិស័យដែលមានអាកាសយានថ្មី ដែលគ្រោងនិងដាក់ឲ្យដំណើរនៅពាក់កណ្តាលឆ្នាំ ២០២០នាពេលខាងមុខដោយនឹងនាំមកនូវភ្លៀវទេសចរណ៍កាន់តែច្រើនមកកម្ពុជា។
លោកបន្តថា “ជាមួយនេះក៏កំពង់ផែទឹកជ្រៅ ដែលនាវាអាចផ្ទុកទំនិញ១០ម៉ឺនតោននៅតំបន់តារាសាគរ និងជាកំពង់ផែអន្តរជាតិសំខាន់មួយ បន្ទាប់ពីកំពង់ផែសឹង្ហបុរី”។ លោកបន្តថា“ដោយសារកន្លងមកនេះ មាននាវាជាច្រើនដឹកភ្ញៀវទេសចររាប់ពាន់នាក់ចូលនៅកំពុងផែខេត្តព្រះសីហនុ ដូច្នេះការសាងសង់កំពង់ថ្មីនេះនឹងជួយទាក់ទាញភ្ញៀវទេសចបន្ថែមទៀត”។
លោក Li Tao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនយូញៀនគ្រុបបានថ្លែងថា រហូតដល់ពេលនេះអាកាសយានដ្ឋានអន្តរជាតិតារាសាគរ សាងសង់បាន៦០ភាគរយ និងជាប្រភេទ 4E ដែលគ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់ដំណើរការសាកល្បងនៅខែ ឧសភា ឆ្នាំ ២០២០ខាងមុខ ដោយមានលទ្ធភាពទទួលអ្នកដំណើរបានពី៤ ទៅ៥លាននាក់ក្នុងមួយឆ្នាំ។
លោកបានបន្ថែមថា “ដោយឡែកកំពង់ផែទឹកជ្រៅ ក្រុមហ៊ុនកំពុងរចនាផែនការ និងឈួសឆាយដីធ្លីលើផ្ទៃដី២០គីឡូម៉ែត្រការ៉េ ហើយនៅពេលបញ្ចប់ផែនការរចនានឹងបន្តសាងសង់ជាបន្តបន្ទាប់ទៀត ដោយមានមូលដ្ឋានដឹកជញ្ជួន ទីតាំងឧស្សាហកម្ម និងមូលដ្ឋានសម្រាប់មជ្ឍមណ្ឌលហិរញ្ញវត្ថុ”។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយា បានឲ្យដឹងពីពេលថ្មីនេះថា ការតភ្ជាប់ផ្លូវពីស្រុកសំឡូតមកកាន់ខេត្តកោះកុង មិនត្រឹមតែជាការធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជាប៉ុណ្ណោះទេ តែជាការលើកកំពស់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង ដោយប្រើប្រាស់ផ្លូវនេះសំរាប់ដឹកជញ្ជូនកសិផលពីភូមិភាគពាយ័ព្យ មកកាន់កំពង់ផែទឹកជ្រៅនៅក្នុងខេត្តនេះ ហើយបន្តដឹកទៅកាន់ប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀត។
លោកបន្តថា “នេះការវិនិយោគដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ដើម្បីជំរុញកំនើនសេដ្ឋកិច្ច ព្រោះដើម្បីសេដ្ឋកិច្ចរីកចម្រើនបន្ថែមទៀត រដ្ឋាភិបាលត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋជាចាំបាច់”៕