មុន​ពេល​សម្រេចចិត្ត​វិនិយោគ​អចលនទ្រព្យ​គួរ​ស្វែងយល់​ពី​ព័ត៌មាន​លម្អិត​សិន​

0

ដោយៈ ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅពេល​ដែល​អ្នក​វិនិយោគ​ ដោយ​មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​នៅក្នុង​ដៃ​ ការ​វិនិយោគ​អចលនទ្រព្យ​របស់​អ្នក​អាច​ងាយ​រង​ហានិភ័យ​ខ្ពស់​ ហេតុនេះ​ការសិក្សា​ និង​ស្វែងយល់​ពី​ព័ត៌មាន​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ការ​វិនិយោគ​របស់​ខ្លួន​ប្រាសចាក​ពី​ការខាតបង់​។

អ្នកវិភាគ​សេដ្ឋកិច្ច​សង្គម​ និង​អចលនទ្រព្យ​ លោក​ ង៉ែត​ ជូ​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ថា​ នៅក្នុង​វិស័យ​នេះ​មានការ​បំពុល​ព័ត៌មាន​ច្រើន​ ទាក់ទង​នឹង​ការ​បង្ហាញ​ ឬលើកឡើង​ពី​គំរោង​អភិវឌ្ឍន៍​នានា​ តាមរយៈ​អ្នក​វិនិយោគ​មួយចំនួន​នៅក្នុង​វិស័យ​នេះ​ ដើម្បី​ទាក់ទាញ​អតិថិជន​ ប្រយោជន៍​ដើម្បី​ធ្វើ​ឱ្យ​ពួកគេ​លក់​គំរោង​របស់​ពួកគេ​ឆាប់​ដាច់​។

លោក​បន្ត​ថា​ ជាក់ស្តែង​យើង​ធ្លាប់​បានឮ​ និង​ឃើញ​រួចមក​ហើយ​ ចំពោះ​គម្រោង​អភិវឌ្ឍ​សំណង់​លំនៅ​ដ្ឋាន​ដែល​គ្មាន​គោលដៅ​ច្បាស់លាស់​មួយចំនួន​ បាន​ប្រកាស​បើក​លក់​គម្រោង​ក្នុង​តម្លៃ​សមរម្យ​ ដែល​ធ្វើ​ឱ្យ​មហាជន​មួយចំនួន​នាំគ្នា​សម្រុក​ទៅ​កក់លុយ​ទិញ​ ហើយ​មាន​អ្នកខ្លះ​បាន​ប្រើប្រាស់​លុយ​ធនាគារ​ទៅ​ទិញ​ ដើម្បី​ត្រៀម​លក់​យកចំណេញ​ ប៉ុន្តែ​ក្រោយ​បន្តិចមក​គំរោង​នោះ​ហាក់​ស្ងប់ស្ងាត់​ គ្មាន​សកម្មភាព​ មាន​ភា​ពស្ងប​ស្ងាត់​ ដែល​ជា​បញ្ហា​ប្រឈម​ទៅ​នឹង​ការខាតបង់​។

លោក​បាន​បន្ត​ទៀត​ថា​ “ហេតុនេះ​មុន​សម្រេចចិត្ត​វិនិយោគ​ ខ្ញុំ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ប្រមូល​ព័ត៌មាន​ឱ្យ​បាន​ច្បាស់លាស់​ និង​គ្រប់ជ្រុងជ្រោយ​ជាមុន​សិន​ មុននឹង​ធ្វើការ​សម្រេចចិត្ត​វិនិយោគ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​”។ លោក​បន្ត​ថា​ “នៅពេល​យើង​មិនសូវ​ស្វែងយល់​សិក្សា​រៀនសូត្រ​ និង​តាមដាន​ព័ត៌មាន​ជាក់លាក់​ អាច​នឹង​ធ្វើ​ឱ្យ​យើង​វិនិយោគ​មាន​ហានិភ័យ​ខ្ពស់​”។

លោក​បន្ត​ថា​ ការសិក្សា​រៀនសូត្រ​ និង​ប្រមូល​ព័ត៌មាន​បាន​ត្រឹមត្រូវ​ ជា​មូលដ្ឋាន​ដ៏​សំខាន់​ សម្រាប់​ធ្វើការ​សម្រេចចិត្ត​បាន​ត្រឹមត្រូវ​ និង​អាច​កាត់បន្ថយ​ ឬបញ្ចៀស​បាន​នូវ​ហានិភ័យ​ ជាជាង​យើង​វិនិយោគ​បែប​ប្រថុយប្រថាន​ ព្រោះ​ការ​វិនិយោគ​ពឹង​លើ​ព្រេងសំណាង​ មិនមែន​ជា​ជម្រើស​របស់​អ្នក​វិនិយោគ​ឆ្លាតវៃ​នោះ​ឡើយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here