ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រុមអ្នកវិនិយោគមកពីប្រទេសចិន បានឈរលំដាប់លេខ១ ដែលបានមកដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ នៅក្នុងឆ្នាំ២០២៥ ក្នុងទំហំទឹកប្រាក់៥៤២៥លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្សព្វផ្សាយកាលពីម្សិលម៉ិញបានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខទី១ ដែលបានរួមចំណែកប្រមាណ៥៤.២៥% នៃទុនវិនិយោគសរុប នៅក្នុងប្រទេសកម្ពុជាចំនួន១០ប៊ីលានដុល្លារអាមេរិក។
-->
ចំណែកវិនិយោគិនកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី២ ដែលបានរួមចំណែកប្រមាណ៣១.២៧% ក្នុងទំហំទឹកប្រាក់៣១២៧លានដុល្លារ ខណៈសិង្ហបុរី ស្ថិតនៅលេខរៀងទី៣ រួមចំណែក៥.៩៩% ក្នុងទំហំទឹកប្រាក់៥៩៩លានដុល្លារ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ១០ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។
ជាការកត់សម្គាល់ ការចុះបញ្ជីគម្រោងវិនិយោគ ក្នុងឆ្នាំ២០២៥ មានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ៥២% ខណៈទំហំទុនវិនិយោគ មានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៤៥% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។
វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ បានទាក់ទាញការវិនិយោគចំនួន៣៨០០លានដុល្លារ វិស័យឧស្សាហកម្មចំនួន៥៦០០លានដុល្លារ វិស័យកសិកម្ម កសិ-ឧស្សាហកម្មចំនួន ៤៣៦លានដុល្លារ និងវិស័យទេសចរណ៍ចំនួន ១៧៥លានដុល្លារ៕

