ចំណេះ​ដឹង​ថ្មី​ៗ តើ​វិនិយោគ​លើ​អា​ផា​តម៉ិន​ឬសណ្ឋាគារ​មូយ​ណា​ល្អ​ជាង​?

2
សណ្ឋាគារកាំបូឌីយ៉ាណា

ដោយ ​ដែន​ ចែងចាំង​

ភ្នំពេញ​: ​នៅពេល​និយាយ​ពី​អ្នកមាន​ប្រាក់​ ពួកគេ​តែងតែ​គិត​ពី​ការ​វិនិយោគ​ ដើម្បី​ទទួល​បានផល​ចំណេញ​ និង​ភាព​ជោគជ័យ​សម្រាប់​រយៈពេល​វែង​របស់​ពួកគេ​ ហេតុនេះ​ការ​វិនិយោគ​លើ​វិស័យ​អា​ផា​តម៉ិន​ និង​សណ្ឋាគារ​មួយ​ណា​មានផល​ចំណេញ​ជាង​? ជា​អ្វី​ដែល​ជា​សំណួរ​ចាក់ដោត​មួយ​។

លោក​ឧកញ៉ា​នួន​ រិទ្ឋី​អគ្គនាយក​ក្រុមហ៊ុន​Khmer​ Foundation​ Appraisal​ ដែល​បាន​និង​កំពុង​វិនិយោគ​លើ​អា​ផា​តម៉ិន​KFA​ នៅ​តំបន់​បឹងត្របែក​បាន​ថ្លែង​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​វិនិយោគ​លើ​អា​ផា​តម៉ិន​ និង​សណ្ឋាគារ​ជា​ការ​វិនិយោគ​សម្រាប់​រយៈពេល​វែង​ដូចគ្នា​ និង​មាន​ភាព​វិជ្ជ​មាន​ខុស​ៗគ្នា​ អាស្រ័យ​លើ​ អ្នក​វិនិយោគ​និ​មួយ​ៗជ្រើសរើស​ ប៉ុន្តែ​សម្រាប់​ទស្សន​និង​ការយល់ឃើញ​របស់​លោក​ផ្ទាល់​ គឺ​ការ​វិនិយោគ​លើ​អា​ផា​តម៉ិន​មាន​ភាព​ងាយស្រួល​ជាង​។

លោក​បន្ត​ថា​ ការ​វិនិយោគ​លើ​អា​ផា​តម៉ិន​ ជា​ការ​វិនិយោគ​គិត​ពី​រយៈពេល​វែង​ និង​សម្រាប់​អ្នក​ចង់​មាន​សេរីភាព​ហិរញ្ញវត្ថុ​ ឬចូលនិវត្តន៍​ពី​ការងារ​វ័យក្មេង​ ព្រោះ​អា​ផា​តម៉ិន​ទទួល​បាន​ចំណូល​ទៀតទាត់​ និង​ស្ងាត់ស្ងៀម​ ជាង​វិនិយោគ​លើ​សណ្ឋាគារ​។ ការ​វិនិយោគ​លើ​អា​ផា​តម៉ិន​ មិនសូវ​ត្រូវការ​សេវាកម្ម​ច្រើនពេក​នោះ​ទេ​ គឺ​ប្រើប្រាស់​បុគ្គលិក​តិច​ និង​ងាយស្រួល​គ្រប់គ្រង​។

ចំណែក​ការ​វិនិយោគ​លើ​សណ្ឋាគារ​ ជា​ការ​វិនិយោគ​រយៈពេល​វែង​ដូចគ្នា​ ទទួល​បាន​ចំណូល​ច្រើន​ផង​ដែរ​ ប៉ុន្តែ​សណ្ឋាគារ​ត្រូវ​មាន​សេវាកម្ម​ច្រើនជាង​អា​ផា​តម៉ិន​ ដូចជា​ ត្រូវ​មាន​បន្ទប់​ប្រជុំ​ មាន​ភោជនីយដ្ឋាន​ កន្លែង​ហាត់ប្រាណ​ និង​មានការ​ប្រើប្រាស់​បុគ្គលិក​ច្រើនជាង​អា​ផា​តម៉ិន​ ពិសេស​ត្រូវ​ផ្តោត​លើ​ការ​រក្សា​នូវ​ផាសុ​ខភាព​ ភាព​កក់ក្តៅ​ និង​សុវត្ថិ​ភាព​ដល់​ភ្ញៀវ​ជាចម្បង​។ ផ្ទុយទៅវិញ​អា​ផា​តម៉ិន​ មិន​ចាំបាច់​មាន​ភោជនីយដ្ឋាន​ សាល​ប្រជុំ​ ឬប្រើប្រាស់​បុគ្គលិក​ច្រើន​នោះ​ទេ​។

លោក​ឧកញ៉ា​បាន​បន្ត​ថា​“ទោះជាយ៉ាងណា​ការ​វិនិយោគ​លើ​សណ្ឋាគារ​ ទទួល​បា​នប្រា​ក់​ចំណូល​ច្រើន​ប្រចាំថ្ងៃ​ ប្រសិនជា​សណ្ឋាគារ​នោះ​ដំណើរការ​ដោយ​ជោគជ័យ​”។ លោក​បន្ត​ថា​ “ហេតុនេះ​ការ​វិនិយោគ​លើ​អា​ផា​តម៉ិន​ និង​សណ្ឋាគារ​ល្អ​ម្យ៉ាង​ម្នាក់​ ប៉ុន្តែ​ការ​វិនិយោគ​លើ​សណ្ឋាគារ​ ទា​មទ​ា​រឲ្យ​ម្ចាស់​មាន​ភាព​មមាញឹក​ច្រើន​”។

លោក ​Michael​ S. Nhim​ ប្រធាន​ក្រុម​អ្នក​វិនិយោគ​នៃ​ក្រុមហ៊ុន​ SIDO​ Group​ ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​គំរោង​ជាច្រើន​នៅក្នុង​តំបន់​ និង​បណ្តា​ប្រទេស​នានា​បាន​ថ្លែង​ថា​ សម្រាប់​ទស្សន​និង​ការយល់ឃើញ​ ព្រមទាំង​បទពិសោធន៍​របស់​លោក​ លោក​គិតថា​ការ​វិនិយោគ​លើ​វិស័យ​អា​ផា​តម៉ិន​ ជា​ការ​វិនិយោគ​មាន​ភាព​ឆ្លាតវៃ​ និង​រកលុយ​បាន​ច្រើនយ៉ាង​ស្ងៀមស្ងាត់​ និង​មិន​សូម​វចំណាយពេល​ច្រើន​ និង​បុគ្គលិក​ច្រើន​ដូច​សណ្ឋាគារ​នោះ​ទេ​។

លោក​បន្ត​ថា​ “ការ​វិនិយោគ​លើ​សណ្ឋាគារ​ ត្រូវ​ចំណាយពេល​ច្រើន​លើ​ប្រតិបត្តិ​ការ​ លើ​បុគ្គលិក​ និង​សេវាកម្ម​ជាច្រើន​ ប៉ុន្តែ​វិនិយោគ​លើ​អា​ផា​តម៉ិន​ ជា​ការ​វិនិយោគ​ដែល​មាន​ភាព​ឆ្លាតវៃ​ ​និង​នៅតែ​មាន​ឳកាស​ជោគជ័យ​ច្រើន​”៕

2 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here