ដោយៈ ម៉ាលីនណា
ស្វាយរៀងៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីអបអរសាទរខួប២ឆ្នាំ នៃសមាគមសហគ្រាសវិនិយោគបរទេសនៅកម្ពុជា។
សមាគមបានរៀបចំពិធីនេះ ទ្បើងដើម្បីបង្កើនភាពស្និទ្ធស្នាល ចែករំលែកនូវបទពិសោធន៍ ពាក់ព័ន្ធនឹងសកម្មភាពធុរកិច្ច ព័ត៌មានស្តីពីវិនិយោគ ក៏ដូចជាពង្រឹងនិងពង្រីកសាមគ្គីភាពនៃបណ្តាក្រុមហ៊ុនទាំងអស់ដែលបាននិងកំពុងវិនិយោគ នៅក្នុងទឹកដីនៃខេត្តស្វាយរៀង។
-->
ថ្លែងក្នុងពិធីនេះ លោកអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ ក្នុងរយៈពេល២ឆ្នាំរបស់សមាគម ពិសេសការចូលរួមចំណែកផ្សព្វផ្សាយ ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងបានខិតខំប្រឹងប្រែងកៀរគរវិនិយោគិន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

លោកអគ្គលេខាធិការបានកត់សម្គាល់ឃើញថា ត្រឹមតែរយៈពេល២ឆ្នាំចុងក្រោយនេះ (ឆ្នាំ២០២៤ និងឆ្នាំ២០២៥)ខេត្តស្វាយរៀង បានទទួលគម្រោងវិនិយោគយ៉ាងច្រើន ចូលក្នុងតំបន់សេដ្ឋកិច្ចពិសេស។
លោកជា វុទ្ធីបានលើកឡើងថា ការធ្វើធុរកិច្ចគឺត្រូវធ្វើយ៉ាងណាដើម្បីទទួលបានផលចំណេញ ប៉ុន្តែបន្ថែមលើការប្រឹងប្រែងស្វែងរកផលចំណេញ ក្រុមហ៊ុនក៏ត្រូវមានកាតព្វកិច្ច ក្នុងសកម្មភាពទទួលខុសត្រូវសង្គមផងដែរ។
ក្នុងន័យនេះ លោកអគ្គលេខាធិការបានមានគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជំហានដំបូងផ្តោតលើការបង្រៀនភាសាចិន និងកសាងសាលារៀនចំណេះទូទៅបន្ថែមទៀតនៅក្នុងខេត្តស្វាយរៀង ដែលកិច្ចការនេះ ទាមទារឱ្យមានការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់សមាគម និងវិនិយោគិនទាំងអស់ក្នុងខេត្តស្វាយរៀង៕
