ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC) បានប្រកាសបើកដំណើរការសាលាអន្តរជាតិនរា (NIS) ដែលជាសាលាអន្តរជាតិថ្មីមួយ ដែលនឹងស្វាគមន៍សិស្សដំបូងរបស់ខ្លួននៅខែសីហា ឆ្នាំ២០២៦ មុនពេលបើកសាខាថ្មីរបស់ខ្លួននៅក្នុងកោះនរា ក្នុងឆ្នាំ២០២៧។
យោងតាមព័ត៌មានបានបង្ហាញថា សាលាអន្តរជាតិនរាមិនត្រឹមតែផ្ដោតលើការផ្ដល់កម្មវិធីសិក្សា ជាលក្ខណៈអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្ដល់ជូនសិស្សានុសិស្សរបស់យើង នូវឱកាសដើម្បីបន្តការសិក្សាតាមប្រព័ន្ធអប់រំភាសាខ្មែរ សម្រាប់ត្រៀមការប្រឡងថ្នាក់ជាតិ។ សាលាក៏នឹងផ្ដល់នូវបរិយាកាសសិក្សាបែបទំនើប រួមជាមួយឱកាសសម្រាប់ការហាត់កីឡា តន្ត្រី ល្ខោន និងភាសានានាលើពិភពលោក គាំទ្រដល់បទពិសោធន៍សិក្សាដែលមានលក្ខណៈទូលំទូលាយ។
-->
ការអភិវឌ្ឍនៃបរិវេណទីក្រុងនរាថ្មីៗនេះ បានឈានដល់ចំណុចសំខាន់ ជាមួយនឹងពិធីបើកពិធីបញ្ចុះបឋមសិលា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងនរា ដែលជាការចាប់ផ្តើមនៃការដ្ឋាន សាងសង់ផ្លូវការ។
លោកលឹម គានអានអ្នកគ្រប់គ្រងទីក្រុងនរាបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា សាលាអន្តរជាតិនេះ គ្រោងនឹងបើកនៅឆមាសទី២ ឆ្នាំ២០២៧ បរិវេណសាលាអន្តរជាតិនរា ទំហំ២ហិកតា ត្រូវបានរចនាឡើង ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សិស្សគ្រប់ផ្នែក នៅក្នុងបរិយាកាសមាត់ទន្លេ ដែលមានសុវត្ថិភាព និងភាពស្ងប់ស្ងាត់។
បរិវេណសាលានឹងផ្តោត ការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើកីឡា និងសិល្បៈ ជាមួយនឹងកន្លែងលេងកីឡាដ៏ទូលំទូលាយ រួមជាមួយនឹងកន្លែងកម្សាន្ត ច្នៃប្រឌិត និងសម្តែង។
ដើម្បីចាប់ផ្តើមបម្រើដល់ក្រុមគ្រួសារ យ៉ាងឆាប់រហ័ស សាលាអន្តរជាតិនរា (NIS) នឹងទទួលសិស្សជំនាន់ដំបូង តាមរយៈការបើកដំណើរការសាកល្បង (soft launch) នៅ អេលីហ្សេ (កោះពេជ្រ) នៅខែសីហា ឆ្នាំ២០២៦ ចាប់ផ្តើមពីថ្នាក់ទី១ ទៅទី៥ ដើម្បីជាការរៀបចំសម្រាប់ការបើកដំណើរការជាផ្លូវការ របស់សាលាអន្តរជាតិនរានៅពេលបន្ទាប់។

លោកស្រី Shailani Borges នាយិកាសាលាអន្តរជាតិនរា ក្នុងពិធីបើកការសាងសង់ បានមានប្រសាសន៍ថា “សាលាអន្តរជាតិនរា ត្រូវបានសាងសង់ឡើង ដោយមានភាពជឿជាក់ថា ការអប់រំបែបអន្តរជាតិ និងរួមបញ្ចូលនូវប្រព័ន្ធសិក្សាអប់រំខ្មែរ អាចរីកចម្រើនរួមគ្នា បង្កើតបរិយាកាស ប្រកបដោយបរិយាបន្ន ដែលកុមារគ្រប់រូបទទួលបានការថែរក្សា មានឱកាសច្នៃប្រឌិត និងទទួលបានភាពជោគជ័យ” ។
ការបើកការដ្ឋានសាងសង់សាលានេះ ធ្វើឡើងក្រោមអធិបតីភាពលោកស្រីបណ្ឌិត លឹម លីណា សាលាអន្តរជាតិនរា ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន OCIC ដែលមានវត្តមានក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
ជាក្រុមហ៊ុនស្ថិតនៅពីក្រោយស្ថាប័នមួយចំនួន រួមមាន សាលាអន្តរជាតិកាណាដាភ្នំពេញ (CIS), សាលាបារាំងអន្តរជាតិភ្នំពេញ (EFI) សាលា Aspen Learning Academy និងសាកលវិទ្យាល័យCamTech។ សាលាអន្តរជាតិនរា កំពុងត្រូវបានអភិវឌ្ឍដោយការសហការជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក និងអន្តរជាតិរបស់ក្រុមហ៊ុន OCIC ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនចំពោះវិស័យអប់រំ ដែលជាសមាសធាតុសំខាន់នៃការអភិវឌ្ឍជាតិ។
ជាមួយនឹងការសម្ពោធសាលាអន្តរជាតិនរា ក្រុមហ៊ុន OCIC បន្តបញ្ចូលការអប់រំ ទៅក្នុងចក្ខុវិស័យសហគមន៍ ដ៏ទូលំទូលាយរបស់ខ្លួន ដោយផ្ដលនូវកន្លែង ដែលគ្រួសារអាចរស់នៅ រៀនសូត្រ និងរីកចម្រើន៕
