រូបភាព 3D នៃព្រលានយន្តហោះ Beijing Daxing International Airport
ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន៤ បានចាប់ផ្តើមហោះហើរសាកល្បងព្រលានយន្តហោះខ្នាតយក្សថ្មី នៅក្នុងទីក្រុងប៉េកាំង ដែលត្រូវបានគេចាត់ទុកថាវានឹងក្លាយជាព្រលានយន្តហោះមួយ ដែលមានភាពមមាញឹកជាងគេក្នុងពិភពលោកបន្ទាប់ពីបើកដំណើរនៅឆ្នាំនេះ។
រូបភាពព្រលានយន្តហោះថ្មី Beijing Daxing International Airport មើលពីលើអាកាស
យោងតាមការចុះផ្សាយសារព័ត៌មាន Xinhua បានចុះផ្សាយកាលពីថ្មីៗនេះថា ការបើកឲ្យដំណើរការសាកល្បងព្រលានយន្តហោះថ្មី Beijing Daxing International Airport មានក្រុមហ៊ុនអាកាចរណ៍ចំនួន៤ ដែលត្រូវបានជ្រើសរើសធ្វើការសាកល្បង រួមមាន ក្រុមហ៊ុន China Southern Airlines ក្រុមហ៊ុន China Eastern Airline ក្រុមងហ៊ុន Air China និងក្រុមហ៊ុន Xiamen Airline ដែលមានប្រភេទយន្តហោះ A380, A350-900 ,B747-8, និង B787-8 ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ និងគ្រប់លក្ខណៈ ព្រមទាំងស្តង់ដារអន្តរជាតិមុននឹងដាក់ឲ្យដំណើរជាផ្លូវការ។
-->
ព្រលានយន្តហោះអន្តរជាតិក្រុងប៉េកាំង Daxing គ្រោងនឹងសាងសង់បញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា និងបើកសម្ពោធឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី ៣០ ខែកញ្ញាខាងមុខនេះ។ ការដាក់ឲ្យដំណើរការនូវព្រលានយន្តហោះថ្មីរបស់ចិននេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាហោះហើររបស់ប្រទេស និងជួយសម្រួលដល់ការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង។
អាកាសយានដ្ឋានថ្មីនេះ ស្ថិតនៅចំណុចប្រសព្វនៃស្រុក Daxing និងទីក្រុង Langfang នៃទីក្រុងប៉េកាំងក្នុងខេត្ត Hebei ហើយត្រូវបានរំពឹងថា នឹងទទួលអ្នកដំណើរ ៤៥ លាននាក់ជារៀងរាល់ឆ្នាំនៅឆ្នាំ ២០២១ និង៧២លាននាក់នៅត្រឹមឆ្នាំ២០២៥។
ព្រលានយន្តហោះនេះមានទំហំរហូតដល់១លានម៉ែត្រការ៉េ មានផ្លូវរត់សម្រាប់យន្តហោះចំនួន៧ និងអាចចុះចតយន្តហោះបានចំនួនប្រមាណ៦២០,០០០គ្រឿងក្នុងមួយឆ្នាំ។
រូបភាពយន្តហោះកំពុងសាកល្បងហោះហើរនៅព្រលានយន្តហោះថ្មី Beijing Daxing International Airport
បច្ចុប្បន្ននេះ វិស័យអាកាសចរណ៍របស់ចិន កំពុងមានការរីកចម្រើនយ៉ាងលឿនបំផុតនៅលើពិភពលោកដោយសារ តែមានការកើនឡើងនៃប្រជាជនដ៏ច្រើន និងការផ្គត់ផ្គង់តម្រូវការជាមូលដ្ឋានលើកាធ្វើដំណើរ៕