លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា / លោកឃាង ពុទ្ឋី ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា
ដោយ គង់ ម៉ាលីន
ភ្នំពេញ៖ ស្របពេលការប្រកួតប្រជែងក្នុងវិស័យអចលនទ្រព្យកើនឡើង ប្រធានសមាគមធ្វើការទាក់ទងនឹងវិស័យនេះពីររូប បានអំពាវនាវឲ្យភ្នាក់បងាររកទទួលទានក្នុងវិស័យនេះ ត្រូវឈរលើភាពស្មោះត្រង់ និងប្រកួតប្រជែងគ្នាប្រកបដោយតម្លាភាព។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ឋី បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា នៅក្នុងវិស័យអ្វីក៏ដោយ ការរកស៊ីតែងតែមានការប្រកួតប្រជែងគ្នាដោយជៀងមិនរួច ប៉ុន្តែលោកទំពាវនាវឲ្យអ្នករកស៊ី ឬភ្នាក់ងារអចលនទ្រព្យត្រូវមានភាពស្មោះត្រង់ និងឈរលើគោលការណ៍ឈ្នះ ឈ្នះទាំងអស់គ្នា ដើម្បីធ្វើឲ្យ ទីផ្សារនេះកាន់តែរីកចម្រើន និងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ។
-->
លោកបន្តថា “ឈរលើមូលដ្ឋានឈ្នះ ឈ្នះ ដោយធ្វើការសហការគ្នា និងចែកផលប្រយោជន៍គ្នា ទោះតិចឬច្រើនបានផលទាំងអស់គ្នាជាការប្រសើរ ព្រោះការប្រកួតប្រជែងប្រាសចាកក្រមសីលធ៌ម ដោយឈរតែលើផលប្រយោជន៍ វានឹងបង្កហានិភ័យដល់វិស័យនេះ”។លោកបន្តថា “កាលណាយើងឈ្លោះគ្នា យើងនឹងបាត់មិត្ត បាត់ផលប្រយោជន៍ទាំងសងខាង ហេតុនេះកុំឈ្លោះគ្នា តែត្រូវឈរលើមូលដ្ឋាននៃក្រមសីលធម៌ និងប្រកួតប្រជែងដោយស្មោះត្រង់”។
ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ផងដែរថា ការប្រកួតប្រជែងដោយគ្មានតម្លាភាព ឬការដែលមិនអនុវត្តទៅតាមគោលការណ៍នៃច្បាប់ អាចកើតមានចំពោះតែក្រុមហ៊ុនមួយចំនួនតូច ដែលមិនមានក្រមសីលធម៌តែប៉ុណ្ណោះ ហើយក៏អាចទទួលបានប្រយោជន៍ត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ ដែលយើងក៏មិនអាចហាមឃាត់អ្នកទាំងនោះបានដែរ ព្រោះវាជាទីផ្សារសេរី។
លោកបានបន្តទៀតថា “ករណីបែបនេះ ហាក់មិនទាន់អាចជះឥទ្ធិពលអាក្រក់នៅលើទីផ្សាររួមខ្លាំងក្លានោះទេ ប៉ុន្តែអ្វីដែលត្រូវធ្វើដើម្បីបញ្ចៀសការខាតបង់នោះ គឺក្រុមហ៊ុនដែលជាភ្នាក់ងារ ត្រូវតែមានការចង់ជាកិច្ចសន្យាជាមុនឱ្យត្រឹមត្រូវ ទើបផ្តល់កិច្ចប្រឹក្សា និងណែនាំអតិថិជនរបស់ខ្លួនតាមក្រោយ”។
ទោះជាយ៉ាងណាក៏ដោយ លោកច្រឹក សុខនីម ក៏បានទទួចឱ្យបណ្តាភ្នាក់ងារ ដែលតែងអនុវត្តប្រាសចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈទាំងនោះ គួរចូលរួមមកអនុវត្តតាមគោលការណ៍ច្បាប់ទាំងអស់គ្នា ដើម្បីលើកកម្ពស់តម្លៃក្រុមហ៊ុន ដែលកំពុងប្រកបអាជីវកម្មដូចជា ក៏ដូចជាផ្តល់តម្លៃឱ្យខ្លួនឯងផងដែរ៕
[…] ប្រភព៖ Property Area […]