ខេត្តកំពង់ឆ្នាំងនឹងអាចផ្លាស់ប្តូរមុខមាត់ដូចម្តេចក្រោយលេចវត្តមានកំពង់ផែពហុបំណង?

0

ដោយៈ ម៉ាណា

    កំពង់ឆ្នាំងៈ មានចម្ងាយប្រមាណ៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំងពីមុនមក គ្រាន់តែជាតំបន់ឆ្លងកាត់នៃបណ្តាញផ្លូវវែងជាងគេនៅកម្ពុជាប៉ុណ្ណោះ។

    ប៉ុន្តែខេត្តនេះធ្លាប់ត្រូវបានអ្នកជំនាញការជប៉ុនសិក្សា និងរកឃើញថា វាជាHubនៃការធ្វើពាណិជ្ជកម្ម និងស្តុកទំនិញដ៏មានសក្តានុពលមួយរបស់កម្ពុជា។

ដោយឆ្លើយតបនឹងការសិក្សានេះ រដ្ឋាភិបាលសម្រេចបង្កើត “កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង” ដើម្បីបម្រើសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹក និងការផ្ទេរផ្ទុកទំនិញសម្រាប់នាវាចរណ៍អន្តរជាតិ។ កំពង់ផែនេះ មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់ប្រមាណ២លានតោនក្នុងមួយឆ្នាំ។

កំពង់ផែថ្មីនេះ មានទីតាំងនៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

យោងតាមអនុក្រឹត្យ ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃទី១៣ ខែមីនា បានបញ្ជាក់ថា​​ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង ត្រូវបានបង្កើតឡើង ដើម្បីបម្រើឱ្យនាវាដែលធ្វើនាវាចរណ៍ ជាលក្ខណៈអន្តរជាតិអាចចូលចេញ បោះយុថ្កា ផ្ទេរផ្ទុក និងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រ និងទំនិញចាក់ធារ។

តាមអនុក្រឹត្យដដែល កំពង់ផែនេះ មានទាំងដែនទឹក និងដីគោក។ ដែនទឹកនៃកំពង់ផែ ត្រូវបានកំណត់ជាពីរផ្នែក ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ផ្នែកទី១មានទំហំ៩០,៤៧១,៨៦ ម៉ែត្រការ៉េ ស្ថិតតាមច្រាំងទន្លេ ដែលជ្រុងសងខាងនីមួយៗមានប្រវែង១០០ ម៉ែត្រ និងមានប្រវែងសរុប៩២៩,៤៦ម៉ែត្រ តាមបណ្តោយទន្លេ។

ចំណែកផ្នែកទី២ មានទំហំ ១៣២,០០០,៧៧ ម៉ែត្រការ៉េ ស្ថិតជាប់កោះឫស្សី ដែលជ្រុងសងខាងនីមួយៗមានប្រវែង១២០ម៉ែត្រ និងមានប្រវែង១១០០ម៉ែត្រ តាមបណ្តោយកោះ។

ដីគោកនៃកំពង់ផែនេះ ក៏ត្រូវបានបែងចែកជាពីរផ្នែកផងដែរ។ ផ្នែកទី១ ជាកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុនខេអិលភី.ធី ត្រេនស្ទ័រថេសិន ឯ.ក មានទំហំ២២០,៧២៣,៣០ម៉ែត្រការ៉េ។ ផ្នែកទី២ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ស្ថិតនៅលើដីកោះឫស្សី ក្នុងទន្លេសាប មានទំហំ ១៣៨,០១៣,៨៦ ម៉ែត្រការ៉េ។នៅក្នុងគម្រោងនេះ ក៏មានស្ពានតភ្ជាប់រវាងដីគោក និងកោះ ដើម្បីធានាការតភ្ជាប់ និងប្រតិបត្តិការដឹកជញ្ជូនឱ្យមានប្រសិទ្ធភាពផងដែរ។

ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរួមមាន ចំណតនាវា ទីលានស្តុកទំនិញ ទីលានស្តុកកុងតឺន័រ ឃ្លាំងស្តុកទំនិញ អគាររដ្ឋបាល អគារត្រួតពិនិត្យទំនិញ ជញ្ជីងថ្លឹងរថយន្ត និងប្រព័ន្ធសុវត្ថិភាពផ្សេងៗ។ កំពង់ផែពហុបំណងកំពង់ឆ្នាំងនេះ ក៏មានកន្លែងបោះយុថ្កា កន្លែងបត់នាវា និងសញ្ញាជំនួយនាវាចរណ៍ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងការការពា របរិស្ថាន សម្រាប់ប្រតិបត្តិការនាវាចរណ៍នៅក្នុងតំបន់។

ក្នុងការគ្រប់គ្រង និងដំណើរការកំពង់ផែនេះ រាជរដ្ឋាភិបាលបានកំណត់ឱ្យក្រុមហ៊ុន ខេអិលភី.ធី ត្រេនស្ទ័រថេសិន ឯ.ក ធ្វើជាអង្គគ្រប់គ្រង ដែលមានភារកិច្ចរៀបចំផែនការអភិវឌ្ឍ ការសាងសង់ ឬជួសជុលកំពង់ផែ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងការប្រមូលថ្លៃសេវាកម្មកំពង់ផែស្របតាមបទប្បញ្ញត្តិជាធរមាន។

ជាមួយគ្នានេះ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង នឹងមានមន្ត្រីមានសមត្ថកិច្ចប្រចាំការផងដែរ ដូចជា មន្ត្រីចត្តាឡីស័ក មន្ត្រីនគរបាលអន្តោប្រវេសន៍ មន្ត្រីគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមន្ត្រីរដ្ឋបាលខេត្ត និងមេបញ្ជាការផែ ដើម្បីអនុវត្តច្បាប់ និងគ្រប់​គ្រងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក។

ការបង្កើតកំពង់ផែពហុបំណងនេះ ត្រូវបានរំពឹងថា នឹងរួមចំណែ​កពង្រឹងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា និងបង្កើនសមត្ថភាពដឹកជញ្ជូនទំនិញនៅតំបន់ទន្លេសាប ក៏ដូចជាជំរុញសកម្មភាពសេដ្ឋកិច្ច និងភស្តុភាកម្មនៅក្នុងតំបន់កំពង់ឆ្នាំង និងតំបន់ជិតខាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here