ខេត្តភូមិភាគឦសានទទួលបានគំរោងវិនិយោគតម្លៃ១៣៦លាន ដុល្លារអាមេរិក

ចែករំលែក

ដោយៈ ចំណាន

    តំបន់ឦសានៈ មន្រ្តីជាន់ខ្ពស់បានពិនិត្យ និងអនុម័តជាគោលការណ៍លើគម្រោងវិនិយោគចំនួន៧ ស្នើសុំគោលការណ៍វិនិយោគ និង ការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោមទុនវិនិយោគប្រមាណ១៣៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មី១៥៨៤កន្លែង ទោះបីស្ថិតក្នុងស្ថានភាពនៃពហុវិបត្តិពីខាងក្រៅ។

ការអនុម័តនេះ បានធ្វើឡើងកាលពីសប្តាហ៍មុន ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី៤ សម្រាប់គម្រោងវិនិយោគចំនួន៧ខាងលើ។

គម្រោងទាំងនេះ រួមមាន ៖ ២គម្រោង នៅខេត្តមណ្ឌលគិរី, ៤ គម្រោង នៅខេត្តស្ទឹងត្រែង និង១ គម្រោង​នៅខេត្តក្រចេះ ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍គម្រោងវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម ចិញ្ចឹមសត្វ និង កែច្នៃ។ គម្រោងវិនិយោគដាំដុះកៅស៊ូ និង សាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ គម្រោងវិនិយោគដាំដើមប្រេងខ្យល់ និង រោងចក្រកែច្នៃក្រដាស កសិដ្ឋានចិញ្ចឹមសត្វ គម្រោងដំាដុះ និង សិប្បកម្មកែច្នៃ ដំណាំកាហ្វេ និង កាកាវ គម្រោងវិនិយោគសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី, កសិដ្ឋានចិញ្ចឹមជ្រូកសាច់ និងគម្រោងវិនិយោគកសិដ្ឋានដាំដុះដំណាំ និងដាំដុះឈើសម្រាប់កែច្នៃធ្វើសង្ហារឹម ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីបបានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងស្ថានភាពពហុវិបត្តិខាងក្រៅ ដូចជា បញ្ហាជម្លោះព្រំដែនជាមួយថៃ និង វិបត្តិប្រេងនៅមជ្ឈិមបូព៌ា ក្នុងខែមីនា និង ខែមេសា ឆ្នាំ២០២៦ នេះ ក្រុមការងារក.វ.ឦសាន នៅទទួលបានសំណើគម្រោងវិនិយោគ ជាបន្តបន្ទាប់ ។

លោកបញ្ជាក់ថា “នេះសបញ្ជាក់ឱ្យឃើញច្បាស់អំពី ភាពទាក់ទាញ និង សក្តានុពលវិនិយោគ របស់តំបន់ភូមិភាគឦសាន ទោះបីជាបរិយាកាសសេដ្ឋកិច្ចតំបន់ និងសកល ពុំសូវមានអំណោយផលយ៉ាងណាក្តី”។

បន្ទាប់ពី “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨” ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែ មេសា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោ​ងវិនិយោគសរុបចំនួន៥៨គម្រោង ក្រោមទុនវិនិយោគសរុប២៤០៧ លានដុល្លារអាម៉េរិក និងបានផ្តល់គោលការណ៍លើកទឹកចិត្តគម្រោងវិនិយោគចំនួន៣៣គម្រោង ក្រោមទុនវិនិយោគ១០៧០ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ១៧,២១៣កន្លែង៕


ចែករំលែក