ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់បានបើក“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ”លើកទី៤ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន៧គម្រោង និងគម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្មចំនួន១គម្រោង។
កិច្ចប្រជុំកាលពីថ្ងៃម្សិលម៉ិញនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។
គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ៤៩០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ២ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្មចំនួន៤គម្រោង រួមមាន៖ ផលិត ផ្គុំ និងដំឡើងសម្ភារៈអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ, ផលិតពូកខ្យល់ សាឡុងខ្យល់ ពោងហែលទឹក អាងហែលទឹក ទូកខ្យល់ កាបូបក្លាស្សេ សម្ភារៈកីឡា និងសម្ភារៈក្មេងលេង(ពីប្លាស្ទិក) ផលិតអំបោះ និងជ្រលក់ពណ៌ និងពង្រីកបន្ថែមមុខសញ្ញាផលិតកម្ម “បោកគក់សម្លៀកបំពាក់” លើមុខសញ្ញាចាស់ (កាត់ដេរសម្លៀកបំពាក់ និងប៉ាក់) នៅលើទីតាំងដដែល វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន២គម្រោង៖ បង្កើតរោងចក្រកែច្នៃដំឡូងមី និងបង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វចតុប្បាទ និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន២គម្រោង៖ អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្គាវ៉ាត់ និងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣៥០មេហ្គាវ៉ាត់។
គម្រោងវិនិយោគទាំង៨ ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ចាម កំពង់ធំ និងមណ្ឌលគីរី៕







