ក្រុមអ្នកធុរកិច្ចជប៉ុនបង្ហាញសុទិដ្ឋិនិយមខ្ពស់លើការវិនិយោគនៅកម្ពុជា

ចែករំលែក

ដោយៈ ចំណាន

ភ្នំពេញៈ ថ្នាក់ដឹកនាំសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា (JBAC)​បានបង្ហាញសុទិដ្ឋិនិយម ចំពោះការវិនិយោគនៅកម្ពុជា ដោយសារការគាំទ្រនិងលើកទឹកចិត្តពីប្រមុខរដ្ឋាភិបាលកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកឧបនាយករដ្ឋមន្រ្តី លោកស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោក Akira Yoshimoto ប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់ លើបច្ចុប្បន្នភាពប្រតិបត្តិការរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។

កិច្ចប្រជុំនេះ មានការចូលរួមពីអ្នកតំណាងក្រសួង -ស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិយោគ នៅកម្ពុជាជាច្រើនរូបផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីស្តាប់នូវមតិយោបល់ថ្មីៗរបស់ផ្នែកឯកជន និងពិនិត្យលើការគាំទ្រផ្សេងៗ សំដៅបន្តលើកកម្ពស់ប្រសិទ្ធភាព នៃប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលបានបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ វត្តមានរបស់លោកប្រធានសមាគម តំណាងក្រសួង-ស្ថាប័ន សមាគម និងវិស័យឯកជនជប៉ុនដែលបានអញ្ជើញចូលរួម យ៉ាងច្រើនកុះករនាឱកាសនេះ និងបានថ្លែងអំណរគុណជូនចំពោះវិនិយោគិនជប៉ុនទាំងអស់ ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកប្រធានសមាគម បានសម្តែងនូវការថ្លែងអំណរគុណ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែទទួលស្តាប់នូវការលើកឡើងរបស់ផ្នែកឯកជន និងផ្តល់ការគាំទ្ររហូតមក។

ថ្នាក់ដឹកនាំសមាគមជប៉ុនបានបញ្ជាក់ផងដែរថា តាមរយៈការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល តាមរយៈយន្តការផ្សេងៗ  ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់កម្រិត បានធ្វើឱ្យសមាជិករបស់ខ្លួនកាន់តែមានសុទិដ្ឋិនិយមខ្ពស់ និងទំនុកចិត្តជាមួយនឹងការបណ្តាក់ទុនវិនិយោគរបស់ខ្លួននៅកម្ពុជា៕

លោកឧបនាយករដ្ឋមន្រ្តី លោកស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោកឧបនាយករដ្ឋមន្រ្តី លោកស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោក Akira Yoshimoto ប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC)
លោក Akira Yoshimoto ប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC)

ចែករំលែក