ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីអន្តរក្រសួងបានបើកកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាការងារសាងសង់ គម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត និងខាងលិច មកភ្ជាប់ជាមួយគម្រោង សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)។
លោកសួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាការងារសាងសង់ ផ្លូវតភ្ជាប់ផ្នែកខាងកើត និងខាងលិច ភ្ជាប់មកគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម- ព្រែកប្រា)នេះ និងមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ តំណាងក្រុមហ៊ុន បុរីប៉េងហួត តំណាងក្រុមហ៊ុន Ing Holding និងក្រុមហ៊ុនសំណង់សៀងហៃ និងភាគីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ពិនិត្យពិភាក្សាករណីមហាវិថីឈុន គង់ ដែលនៅសេសសល់ភ្ជាប់ មករង្វង់មូលផ្នែកខាងលិច និងផ្លូវបុរីប៉េងហួត ភ្ជាប់មករង្វង់មូលផ្នែកខាងកើត នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម -ព្រែកប្រា)។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ពន្លឿន លើគម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ធ្វើយ៉ាងណាឱ្យស្របតាមបទដ្ឋានបចេ្ចកទេស សំដៅធ្វើយ៉ាងកាត់បន្ថយផលប៉ះពាល់ឱ្យនៅកម្រិតអប្បបរមា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវផ្ដល់ព័ត៌មានគ្នាទៅវិញទៅមក ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យការអនុវត្តគម្រោងទាន់ពេលវេលាតាមការគ្រោងទុក៕







