ដោយៈ ចំណាន
ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំង ដើម្បីចុះបញ្ជីជាគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្រុងកំពង់សោម និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គំរោងវិនិយោគនេះ រួមមាន គម្រោងវិនិយោគបង្កើតរោងចក្រផលិតក្តារបន្ទះរបស់ក្រុមហ៊ុន មូ យូ ដេខូរេសិន មេធៀរៀល ឯ.ក និងគម្រោងកែច្នៃសំណល់អេឡិចត្រូនិច របស់ក្រុមហ៊ុនឌីប៊ី ហ្គោលអ៊ីមផត និងអ៊ិចផត ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិអូរឧកញ៉ាហេង សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម និងភូមិធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គម្រោងទាំង២នេះបានដាក់ពាក្យស្នើសុំ តាមរយៈអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុបប្រមាណ៦.៨៥០.៤៩៣ដុល្លារអាមេរិច។
ក្នុងឱកាសនោះ លោកអភិបាលរង បានធ្វើការណែនាំឱ្យក្រុមហ៊ុនឲ្យផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងភ្ជាប់សេវាប.ស.ស.ជូនបុគ្គលិក និងកម្មករឱ្យបានត្រឹមត្រូវ។ រៀបចំប្រព័ន្ធបង្ហូរទឹកកខ្វក់ និងសំណល់រឹង-រាវ ឱ្យត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដើម្បីកុំឱ្យប៉ះពាល់ដល់ពលរដ្ឋមូលដ្ឋាន។ រៀបចំអគារឱ្យមានខ្យល់ចេញចូលល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ និងចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីផ្តល់ផាសុកភាពដល់បុគ្គលិក និងកម្មករនៅទីតាំង៕







