ក្រុមហ៊ុនធំមួយសិក្សាលទ្ធភាពវិនិយោគរោងចក្រចម្រាញ់ប្រេងនៅកម្ពុជា

ចែករំលែក

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុន Zhisheng Energy បានបង្ហាញចំណាប់អារម្មណ៍សិក្សាលទ្ធភាពវិនិយោគ លើរោងចក្រចម្រាញ់ប្រេងនៅកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Zhisheng Energy ដឹកនាំដោយលោក Liu Hui ប្រធានក្រុមហ៊ុនZhisheng Energy ។

ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន បានគោរពរាយការណ៍ជូនអង្គជំនួបពិភាក្សា អំពីអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងបានបង្ហាញនូវចំណាប់ក្នុងការស្វែងយល់ អំពីបរិយាកាសវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេស ការសិក្សាអំពីលទ្ធភាពវិនិយោគ លើការចម្រា​ញ់ប្រេង នៅព្រះរាជាណាចក្រកម្ពុជា ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសម្តែងការរីករាយ និង ស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន Zhisheng Energy ដែលបានមកសិក្សាស្វែងយល់ អំពីកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស សិក្សាអំពីលទ្ធភាពវិនិយោគលើការចម្រា​ញ់ប្រេងនៅកម្ពុជា ដែលជាវិស័យអាទិភាព និងទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាល ។

ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុនអំពី “អត្ថប្រយោជន៍ពិសេស” ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និងការសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធនឹងការវិនិយោគក្នុងខេត្តព្រះសីហនុ។

លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ ដែលបានទទួលជួប និងផ្តល់ព័ត៌មានអំពីសក្តានុពលវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស“កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ព្រមទាំងបានសំដែងការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ លើការរីកចម្រើន និងការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងសេដ្ឋកិច្ចដែលផ្សារភ្ជាប់ពីខេត្តព្រះសីហនុ ទៅកាន់តំបន់ផ្សេងទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា និងអន្តរជាតិ៕


ចែករំលែក