ដោយៈ ចំណាន
ភ្នំពេញៈ ជំនួបនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីសិង្ហបុរីមកកម្ពុជា។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោកអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់សមភាគី និងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីវឌ្ឍនភាព នៃបរិយាកាសវិនិយោគនៅកម្ពុជា តាមរយៈការដាក់ចេញនូវច្បាប់ និងបទប្បញ្ញត្តិថ្មីៗ ដែលមានលក្ខណៈអនុគ្រោះ បត់បែន និងផ្ដល់នូវឧត្តមភាពប្រកួតប្រជែងខ្ពស់សម្រាប់វិនិយោគិនបរទេស។
បន្ថែមពីនេះ លោកអគ្គលេខាធិការបានលើកទឹកចិត្តឱ្យភាគី Enterprise Singapore បន្តតួនាទីជាស្ពានចម្លងក្នុងការជំរុញវិនិយោគិន និងធុរជនសិង្ហបុរី ឱ្យមកច្បាមយកកាលានុវត្តភាពពីសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមានកៅស៊ូ ស្វាយចន្ទី និងឧស្សាហកម្មឈើដាំ ដើម្បីបង្កើតខ្សែច្រវាក់តម្លៃបន្ថែម និងបង្កើនការនាំចេញទៅកាន់ទីផ្សារតំបន់ និងសកលលោក។
ជាការឆ្លើយតប លោក G. Jayakrishnan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងបានកោតសរសើរចំពោះវឌ្ឍនភាពជាវិជ្ជមាននៃសង្គម សេដ្ឋកិច្ចកម្ពុជា។
លោកបានទទួលយកនូវសំណើ របស់ភាគីកម្ពុជាក្នុងការបន្តផ្សព្វផ្សាយ និងជំរុញឱ្យធុរជនសិង្ហបុរី មកសិក្សាស្វែងយល់ពីលទ្ធភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងវិស័យសក្តានុពលដទៃទៀត។
ជាមួយគ្នានេះ លោកមានជំនឿយ៉ាងមុតមាំថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តផ្តល់នូវកិច្ចសម្រួលវិនិយោគ ប្រកបដោយប្រសិទ្ធភាព និងភាពកក់ក្តៅដល់វិនិយោគិនសិង្ហបុរី៕







