តម្លៃ​ដីធ្លី​កើន​ចន្លោះ១០ទៅ១៥ភាគរយ​ក្នុងរយៈពេល៤ខែ​ដើមឆ្នាំ​នេះ​

2
ទិដ្ឋភាពផ្លូវ ៦០ម៉ែត្រ។ រូបថត៖ ម៉ៃ វីរៈ

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​បាន​លើកឡើង​ថា​ នៅដើម​ឆ្នាំ២០១៩នេះ​តម្លៃ​ដីធ្លី​ឆ្នាំនេះ​មា​នកំនើន​ជា​វិជ្ជមាន​ ដោយ​តម្លៃ​បាន​កើនឡើង​ចន្លោះ១០ទៅ១៥ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ទិដ្ឋភាពផ្លូវ ៦០ម៉ែត្រ។ រូបថត៖ ម៉ៃ វីរៈ

ការ​កើនឡើង​នេះ​បាន​គ្រប​ដណ្តប់​គ្រប់់​តំបន់​ ពិសេស​តំបន់​ជាយក្រុង​ភ្នំពេញ​ ខណៈ​ដី​នៅ​តំបន់​កណ្តាល​ក្រុង​ តម្លៃ​ដីធ្លី​សម្រេច​បា​នកំនើន​តិចតួច​ ដោយសារ​តម្លៃ​បាន​កើនឡើង​ខ្ពស់​រួច​ទៅ​ហើយ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២១​ ខែឧសភា​ នេះ​ថា​ ជាទូទៅ​ចំពោះ​វិស័យ​ដីធ្លី​ ទោះ​តិច​ ឬច្រើន​ គឺ​តែង​មានការ​កើនឡើង​ជាប់​ជាប្រចាំ​។

លោក​បាន​បន្ត​ទៀត​ថា​ “មិនថា​ទោះជា​នៅ​តំបន់​ណា​នោះ​ទេ​ ចំពោះ​តម្លៃ​ដីា​តែង​មានការ​កើនឡើង​ជាប្រចាំ​ឆ្នាំ​ ជាពិសេស​ដី​ដែល​ស្ថិតនៅ​តាម​តំបន់​ជាយក្រុង​ ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​”។

​;លោក​បាន​បន្ត​ទៀត​ថា​ ដី​នៅក្នុង​តំបន់​ក្រុង​សម្រាប់​ដើមឆ្នាំ២០១៩នេះ​ ហាក់​មិនសូវ​ជា​មានការ​ប្រែប្រួល​នោះ​ទេ​ ព្រោះ​តម្លៃ​ដី​ ក៏ដូចជា​អចលនទ្រព្យ​ផ្សេង​មានការ​កើនឡើង​ខ្ពស់​ដល់​កំពូល​រួច​ទៅ​ហើយ​ ប៉ុន្តែ​បើ​ដី​ដែល​ស្ថិតនៅ​តាម​តំបន់​ជាយ​ក្រុង​គឺ​មានឱកាស​ឡើងថ្លៃ​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ អ្នកនាង​ អាន​ សុធី​តា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ​ថា​ មិនថា​ចំពោះតែ​វិស័យ​ដីធ្លី​នោះ​ទេ​ នៅដើម​ឆ្នាំ២០១៩នេះ​ តម្លៃ​អចលនទ្រព្យ​ទាំងអស់​សុទ្ធតែ​មានការ​កើន​ឡើង​ ខណៈ​ដែល​កំណើន​នៃ​ការសាងសង់​ ក៏​មានការ​កើនឡើង​រហូតដល់​ប្រមាណ១៨​,១ ភាគរយ​។

អ្នកនាង​បន្ត​ទៀត​ថា​ “បើ​និយាយ​តែ​ចំពោះ​វិស័យ​ដីធ្លី​ គឺ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ជាពិសេស​ដី​ដែល​ស្ថិត​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​តែម្ដង​ ដោយសារតែ​នៅ​តំបន់​នេះ​មានការ​អភិវឌ្ឍ​ច្រើន​លើ​ផ្នែក​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​”។ អ្នកនាង​បន្ត​ថា​​“នៅ​ភាគ​ខាងត្បូង​នេះ​មានការ​អភិវឌ្ឍ​ និង​រីកចម្រើន​ខ្លាំង​ ដែល​ក្រៅពី​មាន​ភាពល្អ​ប្រសើរ​ពី​មហាវិថី​សម្តេច​តេជោ​៦០​ម៉ែត្រ​​ដែល​មាន​គំរោង​ផ្សារ​ទំនើប​ និង​បុរី​លំនៅ​ដ្ឋាន​ជាច្រើន​នៅ​តំបន់​នោះ​”។

ទីតាំងផ្សារទំនើបរបស់ក្រុមហ៊ុន​ប៉េង ហួត។ រូបថត៖ ម៉ៃ វីរៈ

​អ្នកនាង​អាន​ សុធី​តា​បាន​បន្ត​ថា​ បច្ចុប្បន្ន​គម្រោង​ផ្សារ​ទំនើប​ AEON3​ គម្រោង​ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន​ ប៉េង​ហួត​ និង​គម្រោង​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ ដែល​មានតម្លៃ​រាប់​លាន​ដុល្លារ​នោះ​ជាពិសេស​ គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ភ្នំពេញថ្មី​ ក៏​មានការ​សាងសង់​ផ្លូវ​ជាច្រើន​ខ្សែ​ដែល​ធ្វើ​ឱ្យ​តំបន់​នេះ​ កាន់តែ​មាន​សក្ដានុពល​ខ្លាំង​ជាង​តំបន់​ជាយក្រុង​ដទៃ​ទៀត​៕

2 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here