ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយទឹកប្រាក់ ៦០លានដុល្លារអាមេរិក លើហេដ្ឋារចនាសម្ព័ន្ឋក្រោមដី ដើម្បីលើកកំពស់បរិស្ថាននិងសោភ័ណភាពក្រុងព្រះសីហនុ ដែលកំពុងប្រឈមការបំពុលបរិស្ថាន ខណៈការអភិវឌ្ឍក្នុងខេត្តនេះមានការរីកចម្រើនយ៉ាងលឿន។

-->
តាមរយៈកិច្ចប្រជុំសមាជិកគណ:កម្មការអន្តរក្រសួង និងសមាជិកគណ:កម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ចាប់ផ្តើមពិភាក្សាដើម្បីសម្របសម្រួលគម្រោងវិនិយោគស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ឋ័លូ និងប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុ។
កិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាបញ្ហាទឹកកខ្វក់ក្រុងព្រះសីហនុនេះ ត្រូវបានធ្វើនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ។
កិច្ចប្រជុំនេះ បានពិនិត្យបញ្ហាមួយចំនួនដូចជា បញ្ហាប្រឈមកំពុងជួបប្រទះចំពោះមុខ ដំណោះស្រាយបញ្ហាទឹកកខ្វក់បន្ទាន់ ផែនការរយ:ពេលខ្លី មធ្យម និងរយៈពេលវែង និងពិនិត្យលទ្ឋភាពកញ្ចប់ថវិកាបន្ទាន់ មធ្យម និងវែង អោយស្របតាមផែនការមេ។
យោងតាមកាសិក្សារបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បាន ប្រាប់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងពិចុះពិនិត្យស្ថានភាពអាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងព្រះសីហនុ ខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ ថា អាចនឹងចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក បន្ថែមទៅសាងសង់ស្ថានីយបូមទឹកមួយចំនួនបន្ថែមទៀត ដើម្បីធានាឱ្យបាននូវបរិស្ថានស្អាត ប្រកបដោយសុខមាលភាពជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ។
ខេត្តព្រះសីហនុបាននិងកំពុងអភិវឌ្ឍយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែមានការហូរចូលនូវវិនិយោគចម្រុះ និងពហុបំណងតាមរយៈការសាងសង់អគារ ខុនដូ រមណីយដ្ឋាន និងអគារពាណិជ្ជកម្ម ព្រមទាំងរោងចក្រកាត់ដេរជាច្រើន ។ ទន្ទឹមនឹងការអភិវឌ្ឍនេះ បរិមាណទឹកកខ្វក់មានការកើនឡើងលើសពីការរំពឹងទុក។

ស្ថានីយប្រព្រឹត្តិកម្មតាមបែបធម្មជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាស្ថានីយច្រោះសម្អាតទឹកសំណល់ធំទី២ បន្ទាប់ពីស្ថានីយច្រោះសម្អាតទឹកកខ្វក់ តាមបែបធម្មជាតិក្រុងសៀមរាប ខេត្តសៀមររាប៕