ដោយៈ និស្ស័យ
ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុម ហ៊ុន R M A Automotive (Cambodia) Co., Ltd បានបង្ហាញពីគំរោងវិនិយោគមួយចំនួនទៀតនៅកម្ពុជា។
ព័ត៌មាននេះត្រូវបានលើកឡើង កាលពីថ្ងៃទី១៨ ឧសភា ក្នុងឱកាសលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រុមហ៊ុនR M A Automotive (Cambodia) Co., Ltd ដឹកនាំដោយលោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន។
មានមតិក្នុងកិច្ចប្រជុំ លោកងន សាំង បានជម្រាបជូនពីវឌ្ឍនភាពនៃគម្រោងវិនិយោគ បង្កើតរោងចក្រដំឡើងរថយន្ត របស់ក្រុមហ៊ុន R M A Automotive (Cambodia) Co., Ltd និងបានចែករំលែកអំពីស្ថានភាពទីផ្សាររថយន្ត នាពេលបច្ចុប្បន្ននៅកម្ពុជា។

បន្ថែមលើនេះ លោកក៏បានជម្រាបជូន អំពីគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្ត និងគម្រោងវិនិយោគក្នុងវិស័យមួយចំនួនទៀត ជាពិសេសគម្រោងកែច្នៃចំណីអាហារ។
លោកអគ្គលេខាធិការបានមានមតិស្វាគមន៍ និងបានអបអរសាទរចំពោះសកម្មភាពវិនិយោគ របស់ក្រុមហ៊ុននាពេលកន្លងមក រួមជាមួយនឹងការគាំទ្រ ចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងទាំងនោះ នឹងរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេសការចូលរួមបង្កើតការងារ ដល់ប្រជាពលរដ្ឋកម្ពុជា៕







