ក្រុម​មន្រ្តី​ជាន់​ខ្ពស់​ ជួប​ជាមួយ​ថ្នាក់​ដឹក​នាំ​នៃ​សភាពាណិជ្ជកម្ម​ចំនួន​៥​ប្រទេស​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​

ចែករំលែក

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានជួបគ្នាទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន រៀ​ប​ចំដោយសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំនៅកម្ពុជា(AmCham​)។

លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាអធិបតី និងផ្តល់មតិបូកសរុបកម្មវិធី ក្នុងពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី២ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ដែលបានរៀបចំទទួលស្វាគមន៍ដោយសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំនៅកម្ពុជា (AmCham) ក្រោមការដឹកនាំរបស់ក.អ.ក.។

កម្មវិធីជំនួបអាហារពេលព្រឹកធុរកិច្ច លើកទី២នេះ មានការអញ្ជើញចូលរួមពី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អនុប្រធានទី៣ ក.អ.ក. រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយវត្តមានអង្គទូតនានា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះក៏មានការចូលរួមពី ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម និងសមាគមធុរកិច្ចអន្តរជាតិឈានមុខ ដែលជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់ រួមមាន៖ សភាពាណិជ្ជកម្មអាម៉េរិក (AmCham) អឺរ៉ុប (EuroCham) ចិន (CCCC) កូរ៉េ (KOCHAM) និងសមាគមធុរកិច្ចជប៉ុន (JBAC) ព្រមទាំងសមាជិក សមាជិកា នៃស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

កម្មវីធីបានប្រព្រឹត្តទៅដោយរលូន តាមរបៀបវារៈដែលបានគ្រោងទុក ដោយមានការធ្វើបទបង្ហាញ អំពីប្រធានបទពាក់ព័ន្ធមួយចំនួន និងបានបើកទូលាយសម្រាប់ការពិភាក្សា ដែលជាឱកាសដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរមតិយោបល់ ដោយអនុញ្ញាតឱ្យតំណាងសមាគមធុរកិច្ច វិនិយោគិនអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ បានលើកឡើងនូវសំណូមពរ ធាតុចូលនានាដោយផ្ទាល់ និងប្រកបដោយភាពស្និទ្ធស្នាលបំផុត។ បន្ទាប់ពីការពិភាក្សាយ៉ាងផុសផុល កម្មវិធីបានបន្តដល់របៀបវារៈស្តីពី កាកំណត់ទិសដៅជំហានបន្ទាប់ និងការតាមដានប្រតិបត្តិការការងារ ដើម្បីធានាថារាល់ធាតុចូល និងលទ្ធផលនៃការពិភាក្សាទាំងអស់ នឹងត្រូវយកទៅអនុវត្ត និងតាមដានយ៉ាងមានប្រសិទ្ធភាព។

លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញឡើងផ្តល់នូវមតិបូកសរុបយ៉ាងស៊ីជម្រៅ ដោយបានគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និង ក.អ.ក. ក្នុងការបន្តកែទម្រង់បរិយាកាសធុរកិច្ច សម្របសម្រួលកិច្ចគាំពារវិនិយោគ និងការដោះស្រាយរាល់បញ្ហាប្រឈមនានារបស់វិស័យឯកជន ឱ្យបានទាន់ពេលវេលា និងប្រកប​ដោយតម្លាភាពខ្ពស់ ជាពិសេស ឯកឧត្តមបានរំលេចយ៉ាងច្បាស់អំពីផែនការកំណែទម្រង់ផ្ទៃក្នុង ដ៏មុតស្រួចរបស់ ក.អ.ក. ដែលសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការអនុវត្តការងារស្នូលរបស់ស្ថាប័ន។

ឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការនាំយកនូវរាល់មតិយោបល់ និងធាតុចូលសំខាន់ៗ ដែលបានលើកឡើងនៅក្នុងអង្គពិធីនាព្រឹកនេះ ទៅពិភាក្សាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ សំដៅស្វែងរកដំណោះស្រាយសមស្រប និងឈ្នះ-ឈ្នះ សម្រាប់គ្រប់ភាគី។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ប្រកបដោយសុទិដ្ឋិនិយម និងការរំពឹងទុកខ្ពស់ចំពោះសមិទ្ធផលផ្លែផ្កាថ្មីៗបន្ថែមទៀត ដែលនឹងត្រូវលើកយកមកជជែកដេញដោល នៅក្នុងជំនួបទទួលទាន អាហារពេលព្រឹកធុរកិច្ច លើកទី៣ នាពេលខាងមុខនេះផងដែរ។

បរិយាកាសនៃពិធីទទួលទានអាហារ ពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន បានប្រព្រឹត្តទៅក្នុងស្មារតីស្និទ្ធស្នាល យោគយល់ បើកចំហ និងប្រកបដោយផ្លែផ្កា ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការទទួលបានសូចនាករពិតប្រាកដ ជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ និងការអភិវឌ្ឍបរិយាកាសវិនិយោគជាតិ ឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង និងមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់៕


ចែករំលែក