ដោយៈ ចំណាន
ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោកស្រី ចុង ជៀ (Zhong Jei) ទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។
ទន្ទឹមនឹងនេះ លោកស្រី ចុង ជៀ (Zhong Jei) ក៏បានណែនាំសមាសភាពថ្មីគឺលោក សៀ តុង (Xue Dong) ដែលជាសមាសភាពទីប្រឹក្សា ទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មថ្មីនៃស្ថានទូតចិនប្រចាំកម្ពុជាដើម្បីបន្តវេនការងារ។
លោកអគ្គលេខាធិការ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងាររបស់លោកស្រី Zhong Jei និងថ្លែងអំណរគុណដល់លោកស្រី ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ក្នុងការជំរុញទាក់ទាញវិនិយោគិនចិនមកកម្ពុជា។
ទន្ទឹមនេះ លោកអគ្គលេខាធិការបានអបអរសារទរ ចំពោះលោក Xue Dong ដែលត្រូវបានតែងតាំង ជាទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា ហើយសង្ឃឹមថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីជំរុញសកម្មភាពធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
នៅក្នុងឱកាសនេះដែរ លោកជា វុទ្ធីក៏បានផ្តួចផ្តើមឱ្យមានការគិតគូរ ពីការបង្កើតតំបន់កែច្នៃកសិ-ឧស្សាហកម្មបៃតង កម្ពុជា-ចិន ដោយផ្តោតលើវិស័យចម្បង៣ គឺការកែច្នៃស្វាយចន្ទី ការកែច្នៃជ័រកៅស៊ូ និងឧស្សហកម្មឈើដាំ ដែលទាមទារឱ្យមានការវិនិយោគ តាំងពីដើមទីរហូតដល់ចុងទី។
មួយវិញទៀត លោកអគ្គលេខាធិការបានស្នើឱ្យលោក សៀ តុង ជួយជំរុញ និងទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ដល់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) មកវិនិយោគនៅកម្ពុជា ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។
លោក សៀ តុង (Xue Dong) បានបានសុទិដ្ឋិនិយមថា ភាគីទាំងពីរ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត និងបានទទួលយកនូវគំនិតផ្តួចផ្តើម ក៏ដូចជាសំណូមពររបស់ឯកឧត្តមអគ្គលេខាធិការ ដើម្បីធ្វើការគិតគូររៀបចំក្នុងអាណត្តិការងាររបស់លោកនៅកម្ពុជាឱ្យចេញជារូបរាង។
ភាគីទាំងពីរក៏បានពិភាក្សា អំពីការត្រៀមរៀបចំកិច្ចប្រជុំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួល តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកិច្ចប្រជុំលើកទី២ នៃក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា-ចិន ដែលគ្រោងធ្វើនៅប្រទេសចិន នៅឆ្នាំ២០២៦នេះ៕







