ដោយៈ ចំណាន
ពោធិសាត់ៈ ក្រុមការងារគម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល ជាមួយតំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ចុះពិនិត្យស្ថានភាពបណ្តាញខ្សែផ្លូវគម្រោង ចាប់ពីផ្លូវជាតិលេខ៥៣(ទឹកផុស) ដល់ផ្លូវជាតិលេខ៣ និងចាប់ពីផ្លូវជាតិលេខ៤(ក្រុងច្បារមន) ដល់កោះខ្សាច់ទន្លា។
លោកយិត បុណ្ណា រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារចុះពិនិត្យ ស្ថានភាពបណ្តាញខ្សែផ្លូវគម្រោង ចាប់ពីផ្លូវជាតិលេខ៥៣(ទឹកផុស) ដល់ផ្លូវជាតិលេខ៣ និងចាប់ពីផ្លូវជាតិលេខ៤(ក្រុងច្បារមន) ដល់កោះខ្សាច់ទន្លា ប្រវែងសរុប១៦៨,២០ គីឡូម៉ែត្រ។
បេសកកម្មនេះ មានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ ជានាយករងគម្រោង លោកប្រធានគ្រប់គ្រងគម្រោង សមាជិក-សមាជិកាគម្រោង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ព្រមទាំងមានការចូលរួមពីលោកស្រី Jaishree Jindel តំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)ផងដែរ។

បេសកកម្មចុះពិនិត្យខ្សែផ្លូវនេះ ត្រូវបានរៀបចំឡើង ដើម្បីស្វែងយល់ពីស្ថានភាពខ្សែផ្លូវជាក់ស្តែង ជាពិសេសតម្រាយផ្លូវថ្មី ដែលក្រុមការងារបច្ចេកទេសបានសិក្សា និងស្នើឡើងក្នុងការពង្វាងទីប្រជុំជន និងតភ្ជាប់ទៅផ្លូវដែលមានស្រាប់ ដែលជាជំហានចាប់ផ្តើមក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព គម្រោងឱ្យស្របនឹងយុទ្ធសាស្រ្តការអភិវឌ្ឍតំបន់ ការលើកកម្ពស់សេដ្ឋកិច្ច-សង្គម និងប្រសិទ្ធភាពនៃការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាព៕







