តម្លៃ​ជួល​លំនៅឋាន​នៅ​ទីក្រុងឌូបៃ​កំពុងធ្លាក់​ចុះ ​ខណៈ​ការ​ផ្គត់ផ្គង់​កើន​ឡើង​ និង​ជម្លោះ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារជួលលំនៅឋានរបស់ទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមកំពុងធ្លាក់ចុះ ដោយទិន្នន័យបង្ហាញថា តម្លៃជួលបានថយចុះគ្រប់ប្រភេទលំនៅឋានទាំងអស់ ខណៈការផ្គត់ផ្គង់កើនឡើង និងភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយបានផ្លាស់ប្តូរអំណាចចរចាពីម្ចាស់ផ្ទះទៅអ្នកជួល។

តម្លៃជួលលំនៅឋានបានធ្លាក់ចុះជាមធ្យម១,១ភាគរយក្នុងរយៈពេល៣ខែគិតត្រឹមខែឧសភា ឆ្នាំ២០២៦ ដោយតម្លៃជួលអាផាតមុិនបានធ្លាក់ចុះ០,៩ភាគរយ និងតម្លៃជួលផ្ទះវីឡា និង townhouses បានធ្លាក់ចុះ២,១ភាគរយ។

លោក Ali Siddiqui អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Cavendish Maxwell បានអះអាងថា «អ្នកជួលមានជម្រើសច្រើនជាងមុន និងអំណាចចរចាខ្ពស់ជាងមុន ហើយការដំឡើងតម្លៃជួលប្រចាំឆ្នាំកំពុងខិតជិតដល់ទីបញ្ចប់»។

និន្នាការប្រែប្រួលនេះកំពុងត្រូវបានជំរុញមួយផ្នែកធំដោយការផ្គត់ផ្គង់ថ្មី។ នៅឆ្នាំ២០២៦ លំនៅឋានថ្មីចំនួនជិត ១៨.២០០យូនីតត្រូវបានចាក់បញ្ចូលទៅក្នុងទីផ្សាររហូតមកដល់ពេលនេះ កើនឡើង១៣,១ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ដោយឡែក លោក Rahim Latif ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Revan Luay ដែលមានមូលដ្ឋាននៅ Downtown Dubai បានពន្យល់ថា ទោះបីជាជម្លោះក្នុងតំបន់ធ្វើឱ្យអ្នកទិញ និងអ្នកជួលមួយចំនួនមានការប្រុងប្រយ័ត្នក៏ដោយ កំណើនតម្លៃជួលបានថយចុះរួចទៅហើយ ដោយសារតែផ្ទះកាន់តែច្រើនកំពុងត្រូវបានដាក់លក់៕


ចែករំលែក