ដោយៈ គង់ សូរិយា
ភ្នំពញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជា ប្រធានគណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក “សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់។
វេទិកានេះ បានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥” ក្រោមកិច្ចសហការរៀបចំដោយ ក.អ.ក. រួមជាមួយ សភាពាណិជ្ជកម្មកម្ពុជា។
សិក្ខាសាលាជាន់ខ្ពស់នេះ មានការចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ.), ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិក គ.ស.រ.ជ, អង្គទូតពីបណ្តាប្រទេសជាមិត្ត ថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា តំណាងសភាពាណិជ្ជកម្មអន្តរជាតិនានានៅកម្ពុជា និងតំណាងវិស័យឯកជន វិនិយោគិន ព្រមទាំងដៃគូអភិវឌ្ឍន៍ជាសមាជិក គ.ស.ឯ.រ.ជ. សរុបប្រមាណ៣០០រូប។
ថ្លែងក្នុងសុន្ទរកថា លោកឧបនាយករដ្ឋមន្ត្រី បានរំឮកដោយស្មារតីដឹងគុណថា យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គឺជាមរតកដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញនូវគំនិតផ្តួចផ្តើមប្រវត្តិសាស្ត្រមួយនេះ ដើម្បីបង្កើតឡើងនូវបរិយាកាសកិច្ចសន្ទនា និងដោះស្រាយបញ្ហាប្រឈមនានាដោយតម្លាភាព។ យន្តការនេះត្រូវបានបន្តពូនជ្រំ និងដឹកនាំដោយផ្ទាល់ប្រកបដោយភាពម៉ឺងម៉ាត់ និងចក្ខុវិស័យវែងឆ្ងាយដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក.អ.ក.ផ្ទាល់។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលជានិច្ចកាលតែងចាត់ទុកផ្នែកឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់បំផុតមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញ មិនមែនគ្រាន់តែជាវេទិកាជួបជុំធម្មតានោះទេ ប៉ុន្តែគឺជាការផ្សព្វផ្សាយពីលទ្ធផលផ្លែផ្កាជាក់ស្តែង កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអន្តរក្រសួង-ស្ថាប័ន និងវិស័យឯកជន ក្នុងការប្រែក្លាយរាល់ការប្តេជ្ញាចិត្ត ឱ្យទៅជាសកម្មភាពកែទម្រង់ដ៏រឹងមាំ សំដៅធានាឱ្យបាននូវបរិយាកាសធុរកិច្ច និងវិនិយោគមួយដ៏មានភាពទាក់ទាញ និងមានឧត្តមភាពប្រកួតប្រជែងខ្ពស់ ទាំងក្នុងតំបន់និងលើឆាកអន្តរជាតិ។
បន្ថែមលើយន្តការវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជន លោក ឧបនាយករដ្ឋមន្ត្រី បានរំលេចពីការខិតខំប្រឹងប្រែងពង្រីកយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន (P-PSD) ឱ្យកាន់តែមានភាពបត់បែន និងជិតស្និទ្ធ ក៏ដូចជាការរៀបចំកម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ចរវាងរដ្ឋ និងវិស័យឯកជន (P-PS Breakfast Briefing) ដែលកាន់តែបង្កលក្ខណៈបើកទូលាយរវាងផ្នែករដ្ឋ និងវិស័យឯកជន។
ជាមួយគ្នានោះ លោកស៊ុន ចាន់ថុល ក៏បានប្រកាសជាថ្មីអំពីគំនិតផ្តួចផ្តើមនៃកម្មវិធី “Open Day with DPM” ដែលជាយន្តការបើកចំហទ្វារដ៏មានសារៈសំខាន់ ក្នុងការទទួលជួបប្រឹក្សាយោបល់ និងស្តាប់រាល់កង្វល់ ក៏ដូចជា សំណូមពរនានារបស់វិនិយោគិនដោយផ្ទាល់ ជុំវិញបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា ដែលកម្មវិធីនេះនឹងរៀបចំឡើងនាពេលដ៏ខ្លីខាងមុខ។
អនុលោមតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធាន ក.អ.ក. ក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុង ក.អ.ក. បាននិងកំពុងរៀបចំកំណែទម្រង់រដ្ឋបាល និងជំរុញទំនើបកម្មប្រព័ន្ធការងារ តាមរយៈការកាត់បន្ថយនូវរាល់នីតិវិធីរដ្ឋបាល ស្មុគស្មាញ ក៏ដូចជាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការចុះបញ្ជីវិនិយោគ ដើម្បីឆ្លើយតបទៅនឹងល្បឿន នៃការវិនិយោគនៅកម្ពុជា។
ពាក់ព័ន្ធនឹងសកម្មភាពនៅលើឆាកអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី បានរំឮកអំពីភាពជោគជ័យ នៃបេសកកម្មគោះទ្វារវិនិយោគនាពេលថ្មីៗកន្លងទៅ ទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសចិន។ ខណៈពេលដែលពិភពលោក កំពុងជួបប្រទះនូវភាពមិនប្រាកដប្រជា ទាំងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។
លោកបានបញ្ជាក់ពីទស្សនៈជាយុទ្ធសាស្ត្រថា រាជរដ្ឋាភិបាលមិនបានមើលឃើញភាពមិនប្រាកដប្រជា របស់សកលលោកជាឧបសគ្គនោះទេ ប៉ុន្តែយើងកំពុងប្រែក្លាយ វាឱ្យទៅជាកាលានុវត្តភាពសម្រាប់កម្ពុជា តាមរយៈការបង្ហាញពីសក្តានុពលពិត ភាពអំណោយផលនៃច្បាប់វិនិយោគ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលរលកនៃការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់សកល៕







