ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា។
ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹង ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Li Maoshun ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន New Dazheng Property Group Co., Ltd. (New Dazheng) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពី បញ្ញាសិប្បនិម្មិតឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពជម្រាបជូន សម្ដេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលមានជំនាញលើការកែលម្អ លំហសាធារណៈទីក្រុងអគារ និងទីក្រុងឆ្លាតវៃ (Smart City) និងមានកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យជាង១០០នៅក្នុងប្រទេសចិន។
លោកប្រធានក្រុមហ៊ុនបានបន្ថែមថា កន្លងមកក្រុមហ៊ុនបានសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា និងបានសហការជាមួយដៃគូក្នុងស្រុក ដើម្បីចាប់យកកាលានុវត្តភាពទាំងនោះ។ ក្រុមហ៊ុនបានចាប់ដៃគូក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំគម្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ក្នុងគោលបំណងសម្របសម្រួល និងកៀរគរវិនិយោគិនចិន ឱ្យមកវិនិយោគនៅកម្ពុជាថែមទៀត។

ទន្ទឹមនឹងនេះ ប្រធានក្រុមប្រឹក្សាភិបាល បានបង្ហាញចំណាប់អារម្មណ៍ស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាសាកលវិទ្យាល័យនានានៅកម្ពុជា ដើម្បីបង្កើតឱកាសឱ្យនិស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសចិន ផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងការស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះគោលបំណង និងកិច្ចសហការរបស់ក្រុមហ៊ុនជាមួយដៃគូក្នុងប្រទេសកម្ពុជា ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
សម្ដេចធិបតីបានស្វាគមន៍ ចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់វិនិយោគិនចិនអំពីសក្ដានុពល និងឱកាសវិនិយោគនានានៅកម្ពុជា។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សម្ដេចធិបតីបានគូសបញ្ជាក់ថា វិស័យអប់រំ ជាទិសដៅអាទិភាពមួយ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុត។ ជាក់ស្តែង កន្លងមកមាននិស្សិតកម្ពុជាជាច្រើនរូប ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ហើយនិស្សិតដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យបានវិលត្រឡប់មកចូលរួមបម្រើការងារ និងរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រទេសជាតិ។
សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុក ព្រមទាំងរក្សាទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការវិនិយោគជាក់ស្ដែងនៅកម្ពុជា៕

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia






