ដោយៈ និស្ស័យ
ភ្នំពេញៈ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជា វុទ្ធីបានថ្លែងថា នៅឆមាសទី១ ឆ្នាំ២០២៦ មានគម្រោងវិនិយោគចំនួន ២៧៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា។
លោកបានថ្លែងបែបនេះ ក្នុងពិធីមួយដែលបានប្រារពធ្វើនៅស្រុកខ្សាចើកណ្តាល ខេត្តកណ្តាលកាលពីម្សិលម៉ិញនេះ។
បន្ថែមលើនេះ លោកក៏បានលើកឡើងពីភាពជោគជ័យ នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងតួនាទីដ៏សំខាន់របស់តំបន់សេដ្ឋកិច្ចពិសេស ក្នុងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្ម ក៏ដូចជាការទាក់ទាញប្រភពទុនវិនិយោគ ដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់មកកម្ពុជា។
ជាមួយគ្នានេះ លោកជា វុទ្ធីបានបញ្ជាក់ទៀតថា កម្ពុជាកំពុងវិវត្តទៅជាមូលដ្ឋានផលិតកម្មថ្មី សម្រាប់ឧស្សាហកម្មយានយន្ត និងឧស្សាហកម្មគាំទ្រនៅក្នុងតំបន់ ដោយសារកំណើនជាបន្តបន្ទាប់ នៃការវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត រោងចក្រផលិតសំបកកង់រថយន្ត និងរោងចក្រផលិតគ្រឿងបង្គុំយានយន្ត ដែលរួមចំណែកបង្កើតការងារ ផ្ទេរបច្ចេកវិទ្យា អភិវឌ្ឍធនធានមនុស្ស និងពង្រឹងការចូលរួមរបស់កម្ពុជាក្នុងខ្សែច្រវាក់តម្លៃសកល៕







