ក្រុមអ្នកធុរកិច្ចចិន​ហុង កុង​ជា​ច្រើន​រូប​ស្វែង​យល់​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ចំនួន៦​

ចែករំលែក

ដោយៈ គង់ សូរិយា

   ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពយជា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចមកពីហុងកុង និងតំបន់ឆ្នេរ GBA Alliance ដោយផ្តោតសំខាន់លើកាលានុវត្តភាពវិនិយោគ និងកិច្ចសហប្រតិបត្តិការធុរកិច្ចពហុវិស័យ ដែលផ្តល់តម្លែបន្ថែមខ្ពស់។

លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូធុរកិច្ច ដឹកនាំដោយ លោកបណ្ឌិត Jonathan K S Choi ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មចិនហុងកុង (CGCC) ប្រធានសម្ព័ន្ធធុរកិច្ចតំបន់ឆ្នេរសមុទ្រក្វាងទុង -ហុងកុង-ម៉ាកាវ (GBA Alliance) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Sunwah Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយផ្តោតជាសំខាន់ លើការស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ច ពហុវិស័យនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនៃជំនួបពិភាក្សា ប្រកបដោយបរិយាកាសស្និទ្ធស្នាលនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកបណ្ឌិត Jonathan K S Choi ព្រមទាំងគណៈប្រតិភូធុរកិច្ច ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកស្វែងយល់ពីតថភាពជាក់ស្តែងនៃបរិយាកាសវិនិយោគ និងសេដ្ឋកិច្ចនៅកម្ពុជា។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងយ៉ាងលម្អិតអំពីកត្តាសក្តានុពល និងកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖

១. កម្លាំងពលកម្មវ័យក្មេង៖ ប្រជាជនកម្ពុជាភាគច្រើនមានអាយុតិចជាង៣០ឆ្នាំ ប្រកបដោយថាមវន្ត ភាពច្នៃប្រឌិត និងមានឆន្ទៈខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាព ដើរឱ្យទាន់បច្ចេកវិទ្យាទំនើបៗ។

២. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យុទ្ធសាស្ត្រ៖ រាជរដ្ឋាភិបាលបាននិងកំពុងជំរុញយ៉ាងសកម្ម នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ រួមមាន ការពង្រីកវិសាលភាព និងសមត្ថភាពកំពង់ផែសមុទ្រទឹកជ្រៅ, ការកសាងបណ្តាញផ្លូវល្បឿនលឿន និងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងពង្រឹងប្រសិទ្ធភាពភស្តុភារកម្មកម្ពុជាលើឆាកអន្តរជាតិ។

៣. កំណែទម្រង់ និងការធ្វើទំនើបកម្មស្ថាប័ន៖ ក.អ.ក. កំពុងធ្វើកំណែទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុង ដើម្បីបង្កើនភាពងាយស្រួលដល់វិនិយោគិន និងលើកកម្ពស់បរិយាកាសវិនិយោគ នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក.អ.ក. បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវិនិយោគកម្ពុជា (cdcIPM) ជាជំហានដ៏សំខាន់ក្នុងការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ មក និងកំពុងបន្តការតភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។

៤. ការធានាសន្តិសុខ និងបរិយាកាសវិនិយោគ៖ លោក ឧបនា​យករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើឆន្ទៈ និងវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនទំនុកចិត្តយ៉ាងរឹងមាំ ជូនដល់វិនិយោគិនបរទេស។

ជាការឆ្លើយតប លោកបណ្ឌិត Jonathan K S Choi បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងបានរំលឹកឡើងវិញនូវចំណងមិត្តភាពដ៏ជិតស្និទ្ធ រវាងក្រុមហ៊ុន Sunwah Group និងប្រទេសកម្ពុជា ក៏ដូចជារវាងរូបលោកផ្ទាល់ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី។

លោកបណ្ឌិត បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ គឺលោកបានដឹកនាំនូវក្រុមធុរជន និងដៃគូវិនិយោគសក្តានុពលជាច្រើនមកពីហុងកុង និងតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ដើម្បីមកសង្កេតមើលដោយផ្ទាល់ នូវការផ្លាស់ប្តូរមុខមាត់ថ្មីរបស់កម្ពុជា ដែលជាប្រទេសមានសុវត្ថិភាព មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស និងពោរពេញដោយឱកាសធុរកិច្ចដ៏សម្បូរបែប។

លើសពីនេះ លោកបណ្ឌិត បានសម្តែងនូវបំណងយ៉ាងមុតមាំក្នុងការនាំយកនូវ គម្រោងវិនិយោគសក្តានុពល មកកាន់កម្ពុជា ដែលផ្តោតលើវិស័យអាទិភាព និងបច្ចេកវិទ្យាទំនើបៗ រួមមាន៖

១. បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងវិស័យឌីជីថល៖ ការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនក្នុងស្រុក។

២. ថាមពលបៃតង៖ ការវិនិយោគលើប្រភពថាមពលកកើតឡើងវិញ ដើម្បីគាំទ្រចីរភាពបរិស្ថាន។ ៣. ឧស្សាហកម្មថាមពល៖ ការសិក្សាស្រាវជ្រាវលើយុទ្ធសាស្ត្រផ្គត់ផ្គង់ និងលទ្ធភាពក្នុងការអភិវឌ្ឍឧស្សាហកម្មនៅក្នុងវិស័យនេះ។

៤. បច្ចេកវិទ្យា និងឧស្សាហកម្មកែច្នៃ៖ ការពង្រឹងខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃបែបទំនើប។

៥. វិស័យអប់រំ និងការបណ្តុះបណ្តាល៖ ការអភិវឌ្ឍធនធានមនុស្សដើម្បីឆ្លើយតបនឹងទីផ្សារពលកម្មជំនាញ។

៦. វិស័យថែទាំសុខភាព និងសុខាភិបាល៖ ការចូលរួមលើកកម្ពស់គុណភាពសេវាសុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រនានា។

ជំនួបនេះក៏បានផ្តល់ជាវេទិកាជូនដល់ គណៈប្រតិភូធុរជនបានឡើងគោរពជម្រាបដោយសង្ខេបអំពីប្រភេទ និងដំណើរប្រតិបត្តិការអាជីកម្មរៀងៗខ្លួន ក៏ដូចជាបានបញ្ចេញនូវមតិយោបល់ ការយល់ឃើញពីកម្ពុជា និងទិសដៅក្នុងការជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគបន្ទាប់។

កិច្ចពិភាក្សានេះ ត្រូវបានបញ្ចប់ទៅក្រោមបរិយាកាស ស្និទ្ធស្នាល យោគយល់គ្នា និងស្តែងឱ្យឃើញពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំរវាងភាគីទាំងពីរ ក្នុងការប្រែក្លាយកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រនេះឱ្យទៅជាផ្លែផ្កាជាក់ស្តែង តាមរយៈការជំរុញការវិនិយោគ លើវិស័យអាទិភាពធំៗ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងមិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើន ទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) និងការផ្ទេរបច្ចេកវិទ្យាទំនើបៗ មកកាន់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតឱកាសការងារជំនាញ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងចីរភាពវែងឆ្ងាយ៕


ចែករំលែក