ដោយៈ ចំណាន
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រីChin Yin Ong ប្រធានផ្នែកលើកកម្ពស់សមត្ថភាពអង្គភាព នៃក្រុមហ៊ុនGrab Holdings Inc. សិង្ហបុរី។
លោកស្រីបាន និងកំពុងទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
ជំនួបនារសៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពអាជីវកម្មរបស់ក្រុមហ៊ុន និងស្វែងយល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាល លើគោលនយោបាយយានយន្តអគ្គិសនី (EV) ការរៀបចំហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍ បញ្ចូលថាមពលយានយន្តអគ្គិសនី និងការចូលរួមចំណែករបស់ក្រុមហ៊ុនGrab ចំពោះបទប្បញ្ញត្តិស្តីពីការកំណត់តម្លៃសេវាកម្មដឹកជញ្ជូន តាមកម្មវិធីទូរស័ព្ទដៃ នាពេលខាងមុខ។
បន្ថែមលើការផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅ លើប្រធានបទខាងលើ លោកស្រីOng ក៏បានយកឱកាសនេះគោរពស្នើសុំ អនុសាសន៍ និងការណែនាំបន្ថែមទៀតពី លោកឧបនាយករដ្ឋមន្ត្រី ដើម្បីបានជាមូលដ្ឋានក្នុងការបង្កើនប្រសិទ្ធភាព នៃការអនុវត្តផែនការសកម្មភាពអាជីវកម្មរបស់Grab នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ក្នុងនោះ ផែនការសកម្មភាពសំខាន់ៗ ដែលបានលើកឡើង រួមមាន៖ (១)ការសិក្សានិងស្វែងយល់អំពី កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតនិងគាំទ្រមជ្ឈមណ្ឌល សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME Hub) ដើម្បីជួយជ្រោមជ្រែងដល់អាជីវកម្មក្នុងស្រុក។
(២)ការលើកកម្ពស់សមត្ថភាព និងការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតកម្មវិធីបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព បង្កើនជំនាញបន្ថែម និងអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យាឌីជីថលជូនដល់ក្រុមអ្នកបើកបរ (Drivers) និងដៃគូពាណិជ្ជករ/អាជីវករ (Merchants) របស់ក្រុមហ៊ុន ឱ្យកាន់តែមានប្រៀបក្នុងការប្រកួតប្រជែងលើទីផ្សារ។ និង(៣) ការរួមចំណែកទាក់ទាញទេសចរមកកាន់កម្ពុជា តាមរយៈការរិះរកនូវយុទ្ធសាស្រ្តទីផ្សារថ្មីៗបន្ថែម។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងរាក់ទាក់ចំពោះវត្តមានរបស់ លោកស្រី Ong ព្រមទាំងប្រតិភូអមដំណើរ ក្នុងឱកាសនៃការអញ្ជើញ មកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់គំនិតផ្តួចផ្តើម និងផែនការសកម្មភាពសំខាន់ៗដែលក្រុមហ៊ុនGrab បានលើកឡើង ដោយបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ជាថ្មីម្តងទៀត អំពីជំហរយ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តបោសសម្អាតលុបបំបាត់ និងប្រយុទ្ធប្រឆាំងដាច់ខាតលើរាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីធានានូវបរិស្ថានវិនិយោគ ដែលមានសុវត្ថិភាព ទំនុកចិត្ត និងការការពារសិទ្ធិផលប្រយោជន៍ របស់អ្នកប្រើប្រាស់ក្នុងប្រព័ន្ធឌីជីថល៕







