សមាគម​ CVEA​ បណ្តុះបណ្តាល​អ្នក​ជំនាន់​ក្រោយពី​ជំនាញ​លក់​អចលនទ្រព្យ

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ស្រប​ពេល​ដែល​វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា​មាន​ភាព​រីកចម្រើន​ និង​អភិវឌ្ឍ​លឿន​ហួសការ​រំពឹង​ទុក​ សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​បង្កើត​វគ្គ​សិក្ខាសាលា​បណ្តុះបណ្តាល​ជំនាញ​ភាពជា​ភ្នាក់ងារ​លក់​ទៅដល់​សិក្ខាកាម​ប្រមាណ​ជាង១០០នាក់​។

នៅ​សណ្ឋាគារ​ភ្នំពេញ​អេ​រ៉ា​ កាលពី​ល្ងាច​ថ្ងៃទី៣០​ ខែឧសភា​ ម្សិលមិញ​នេះ​ សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ CVEA​ បាន​បង្កើត​វគ្គ​សិក្ខាសាលា​បណ្តុះបណ្តាល​ និ​ចែករំលែក​ចំណេះដឹង​ បទពិសោធន៍​ក្នុងនាម​ជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ទៅដល់​បណ្តា​អ្នកជំនាញ​ក្រោយដែល​កំពុងតែ​ចាប់​ និង​ប្រកប​អាជីព​ក្នុង​វិស័យ​នេះ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ ចំពោះ​វិស័យ​អចលនទ្រព្យ​គឺ​មាន​ភាព​រីកចម្រើន​លើស​ពី​ការ​រំពឹង​ទុក​ ដែល​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​មាន​ចំណាប់​អារម្មណ៍​ចូល​ប្រឡូក​នៅក្នុង​វិស័យ​មួយ​នេះ​ ដើម្បី​ទទួល​បានផល​ប្រយោជន៍​។

លោក​បាន​មានប្រសាសន៍​ទៀត​ថា​ ៖ “ដោយសារតែ​រំពឹង​ និង​ចង​បាន​ភាគលាភ​ពី​វិស័យ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ដែល​ស្ថិតនៅ​ក្នុង​វិស័យ​នេះ​ធ្វើការ​ប្រកួតប្រជែង​គ្នា​ ដើម្បី​ទទួល​បាន​ចំណែក​ទីផ្សារ​ រហូត​មាន​ពេលខ្លះ​កើតជា​បញ្ហា​ប្រឈម​ក៏មានដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ ៖ “ដោយសារតែ​សម្លឹងឃើញ​ពី​បញ្ហា​ប្រឈម​ទាំងនេះ​ ជា​ការចូលរួម​ ខាង​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​បង្កើត​ជាវ​គ្គ​សិក្ខាសាលា​ ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង​ ក៏ដូចជា​បទពិសោធន៍​ជូន​ដល់​បណ្តា​ភ្នាក់ងារ​អចលវត្ថុ​ ជាពិសេស​អ្នក​ដែល​អនុវត្ត​ផ្នែក​លក់​ និង​ទីផ្សារ​ក្រោម​ការចូលរួម​ពីសំណាក់​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​ជាស​មា​ជិ​កនៅក្នុង​សមាគម​”។

លោក​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា​ ៖ “សម្រាប់​សិក្ខាកាម​ដែល​បាន​ចូលរួម​ នឹង​ទទួល​បាន​បន្ថែម​នូវ​ចំណេះដឹង​អនុវត្ត​ជាក់ស្ដែង​ ដែល​អាច​ញ្ជៀ​សហា​និ​ភ័យ​ផ្សេង​ៗដែល​អាច​កើតមាន​ ក៏ដូចជា​វិធីសាស្ត្រ​ដែល​អាច​ទទួល​បាន​កម្រៃ​ជើង​សារ​ខ្ពស់​ប្រកបដោយ​ប្រសិទ្ធភាព​”។

ប្រធាន​ក្រុមហ៊ុន​អចលន​ទ្រ​ព្រ​ AMATAK​ Property​ Service​ លោកស្រី​ តាំង​ ហួរ​ ដែល​បាន​ចូលរួម​ និង​បញ្ជូន​ភ្នាក់ងារ​ក្រុមហ៊ុន​របស់​ខ្លួន​មក​ស្វែងយល់​ពី​វគ្គ​សិក្ខាសាលា​ស្ដីពី​បញ្ហា​ប្រឈម​ និង​ដំណោះស្រាយ​របស់​ភ្នាក់ងារ​អចលនវត្ថុ​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ វគ្គ​បណ្តុះបណ្តាល​មួយ​នេះ​គឺ​មានប្រយោជន៍​ច្រើន​ចំពោះ​ភ្នាក់ងារ​ជំនាន់​ក្រោយដែល​កំពុងតែ​អនុវត្ត​នៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ ៖ “មិន​ចំពោះតែ​ក្រុមហ៊ុន​ ឬជា​បុគ្គលិក​ដែល​ជា​ភ្នាក់ងារ​នោះ​ទេ​ ចាំបាច់​ត្រូវតែ​មាន​វិធីសាស្ត្រ​ក្នុង​ការអនុវត្ត​ដើម្បី​ទទួល​បាន​ចំណែក​ទីផ្សារ​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ ៖ “ដើម្បី​ជម្រុ​ញឱ្យ​ការងារ​ទីផ្សារ​ក្នុង​អាជីព​នេះ​ទទួល​បាន​ប្រយោជន៍​យូរអង្វែង​ ចាំ​ណាស់​ត្រូវតែ​មាន​កិច្ចសហការ​រវាង​បណ្តា​ក្រុមហ៊ុន​ ក៏ដូចជា​ភ្នាក់ងារ​ដែល​ស្ថិត​ក្នុង​វិស័យ​រួមគ្នា​មួយ​នេះ​ដើម្បី​ទទួល​បាន​ប្រយោជន៍​រួមគ្នា​ ចៀសវាង​ការប្រកួត​ប្រជែង​ដោយ​មិន​មាន​ភាព​ស្មោះត្រង់​ ឬមានការ​លួចវាយប្រហារ​គ្នា​ក្រោយខ្នង​ដើម្បី​តែ​ផលប្រយោជន៍​តូច​តែ​ម៉្យាង​នោះ​ទេ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here