
ដោយ៖ រ៉ាណេត
ភ្នំពេញៈ ជាក្រុមហ៊ុនអចលនទ្រព្យ ក៏ដូចជាបណ្តាភ្នាក់ងារផ្សេងៗត្រូវបានបង្កើតឡើងគឺក្នុងគោលបំណងតែមួយរួមគ្នា គឺការទទួលបានអត្ថប្រយោជន៍ និងប្រាក់ចំណេញទៅលើការផ្តល់សេវាកម្មជូនដល់អតិថិជន និងអ្នកវិនិយោគ ប៉ុន្តែការទទួលបានចំណេញ ក៏ត្រូវធ្វើយ៉ាងណាដែលអាចទទួលបានក្នុងរយៈពេលវែង និងនិរន្តរភាព។
អគ្គនាយកក្រុមហ៊ុន V Trust Group និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century21 Cambodia លោក គុយ វ៉ាត បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ចង់ទទួលបានលទ្ធផលល្អ និងមានភាពជោគជ័យលើមុខជំនួញ គប្បីត្រូវតែមានភាពស្មោះត្រង់ជាមួយអ្នករួមអាជីព ជាពិសេសអតិថិជនរបស់ខ្លួនទើប អាចឈានទៅឧត្តមភាពនៃក្រុមហ៊ុន។
លោកបន្តថា “អ្នកជោគជ័យលើមុខជំនួញជាច្រើនវិស័យ គួរគម្បីគិតថា នៅពេលយើងទទួលបានចំណេញ គេក៏ទទួលបានចំណេញ ដូច្នេះភាពសហការជាដៃគូនឹងនៅតែបន្តមានជានិច្ច”។
លោកគុយ វ៉ាតបានបន្តថា “បច្ចុប្បន្ននេះ Century 21 Cambodia មានសមាជិកដែលជាភ្នាក់ងារចំនួនជាង៣០០នាក់ នៅចុងឆ្នាំ២០១៩នេះនឹងកើនឡើងដល់៥០០នាក់ ចុះបើយើងមានរហូតដល់១០០០នាក់ យើងសួរថា តើកម្លាំងផ្នែកលក់របស់យើងមានសកម្មភាពបែបណាអាចធ្វើរឿងបានច្រើនឬអត់?”។ លោកបានបញ្ជាក់ថា“នៅក្នុងដំនើរនៃកិច្ចសហការលើការលក់ ក៏ដូចជាការផ្តល់នូវសេវាកម្ម គឺសុទ្ធតែស្វែងរកអត្ថប្រយោជន៍ទាំងអស់ ប៉ុន្តែត្រូវចាំថាមិនត្រូវយកចំណេញតែម្នាក់ឯងនោះទេ អតិថិជនដែលជាដៃគូរបស់យើងក៏ប្រាថ្នាចង់បានចំណេញដែរ ដូច្នេះចំណុចនេះតែពិចារណាទាំងអស់គ្នា”។
ជាអ្នកនាំយកក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិមកកាន់កម្ពុជា Century 21 លោក គុយ វ៉ាត បានបន្តទៀតថា “ក្រៅពីផ្តល់សេវាកម្ម ទាំងភ្នាក់ងារ ក៏ដូចជាក្រុមហ៊ុន ត្រូវតែផ្តល់បន្ថែមនូវកិច្ចប្រឹក្សាដល់អតិថិជន ឬអ្នកវិនិយោគជាដៃគូ ដោយមិនត្រូវបណ្តោយពួកគាត់ធ្វើការវិនិយោគទៅលើគម្រោងណាមួយ ដែលយើងឃើញច្បាស់ថានឹងទទួល ភាពបរាជ័យយ៉ាងប្រាកដនៅថ្ងៃអនាគតនោះទេ។
លោកបន្តថា “ភាពស្មោះត្រង់ និងបំណងល្អរបស់យើងវាជាចំណងមួយដែលចង់ពួកគេឱ្យនៅជាមួយយើង”។ លោកបន្តថា “នៅក្នុងវិស័យមួយនេះ បើមានការរីកចម្រើន មានការអភិវឌ្ឍល្អ មិនមែនមានប្រយោជន៍ត្រឹមតែក្រុមហ៊ុនដែលពាក់ព័ន្ធប៉ុណ្ណោះទេ តែវាក៏ជាប្រភពចំណូលយ៉ាងសំខាន់ ចំពោះសង្គមជាតិ តាមរយៈការបង់ពន្ធទៅលើរាល់ប្រតិបត្តិការនានា ជាពិសេស បានចូលរួមជួលបង្កើនកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋខ្មែរផងដែរ”៕





