ទោះជា​ការ​សហការ​ល្អ​តែ​និន្នាការ​នេះ​នៅ​មានកម្រិត​ក្នុង​វិស័យ​អចលនទ្រព្យ​

0
លោកឧកញ៉ា នួន រិទ្ធី / លោក Ken Lo / ប្រធានសមាគម CVEA លោក ច្រឹក សុខនីម

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​៖ នៅក្នុងចំណោម​បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​ដែល​កំពុងតែ​ដំណើរ​ប្រតិបត្តិ​ការ​នៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​លើកឡើង​ពី​ទស្សនៈ​ផ្សេងគ្នា​ ថា​តើ​គួរ​អនុវត្ត​គោល​ការ​ចាប់ដៃ​សហការ​គ្នា​ដើម្បី​ទទួល​បាន​ប្រយោជន៍​រួមគ្នា​ ឬចាំបាច់​ត្រូវតែ​ធ្វើការ​ប្រកួតប្រជែង​ ដើម្បី​ទទួល​បាន​ប្រយោជន៍​ និង​បង្ហាញ​ពី​សក្ដានុពល​របស់​ក្រុមហ៊ុន​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ ស្ថាបនិក​ និង​ជានា​យក​ក្រុមហ៊ុន​ Century​ 21​ Imperial​ Realty​ លោក​ Ken​ Lo​ មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៩​ នេះ​ថា​ មិនថា​ជា​ការប្រកួត​ប្រជែង​ ឬជា​កិច្ចសហការ​នោះ​ទេ​ គឺ​សុទ្ធតែ​មានគុណ​សម្បត្តិ​ និង​គុណវិបត្តិ​ដូចគ្នា​ សំខាន់​ការអនុវត្ត​ត្រូវ​ធ្វើឡើង​ឱ្យ​មាន​តម្លាភាព​ និង​មាន​វិជ្ជាជីវៈ​។

លោក​បាន​បន្ត​ថា​ ៖ “នៅក្នុង​ក្រុមហ៊ុន​នី​មួយ​ៗគឺ​សុទ្ធតែ​មាន​គោលការណ៍​ និង​វិធីសាស្ត្រ​ក្នុង​ការ​អនុ​វត្ត​ផ្សេង​ៗគ្នា​ទាំងអស់​”។

លោក​បាន​បន្ត​ទៀត​ថា​ ៖ “តាមពិត​ការ​សហការ​គ្នា​ដើម្បី​ទទួល​បាន​ប្រយោជន៍​នៅ​លើ​ទីផ្សារ​ថ្វីត្បិតតែ​ទទួល​បាន​ចំណូល​តិច​ ប៉ុន្តែ​វា​មាន​ភាព​ស្ថិតស្ថេរ​យូរអង្វែង​ ។ ឧទាហរណ៍​ ដូចជា​ការ​ផ្តល់​សេវាកម្ម​ទៅលើ​ការ​លក់​អចលនវត្ថុ​មួយ​រួមគ្នា​រវាង​ភ្នាក់ងារ​ចំនួន២ក្រុមហ៊ុន​ផ្សេងគ្នា​អាច​ធ្វើ​ទៅ​បាន​ក្រោម​ការ​ចចារ​ និង​ធ្វើ​កិច្ចសន្យា​រួមគ្នា​ក្នុង​ការ​ទទួល​បាន​ចំណែក​នៃ​អត្ថ​ប្រយោជន៍​ ប៉ុន្តែ​វិធីសាស្ត្រ​នេះ​មាន​ចំណូល​តិច​ចំពោះ​ក្រុមហ៊ុន​ ហើយក៏​មិនសូវ​មាន​គេ​យក​មក​អនុវត្ត​នោះ​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ ៖ “វិធីសាស្ត្រ​ខាងលើ​នេះ​ ភាគច្រើន​គេ​ធ្វើឡើង​ចំពោះ​ក្រុមហ៊ុន​ណា​ដែល​មាន​ធនធាន​គ្រប់គ្រាន់​រួច​ទៅ​ហើយ​ ប៉ុន្តែ​បើ​ចំពោះ​ក្រុមហ៊ុន​ដែល​ទើបតែ​ចាប់​ដំណើរការ​ ឬជា​ប្រភេទ​ក្រុមហ៊ុន​ខ្នាត​តូច​គឺ​គេ​មិនសូវ​ចាប់អារម្មណ៍​ធ្វើ​នោះ​ទេ​ ដោយសារតែ​គេ​ចង់​ក្រសោប​យក​ចំណែក​ទី​ផ្សា​តែម្នាក់​ដើម្បី​អាច​បង្កើន​ចំណូល​សម្រាប់​ក្រុមហ៊ុន​”។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បង្ហាញ​ពី​ទស្សនៈ​គាំទ្រ​ទៅលើ​ការប្រកួត​ប្រជែង​ព្រោះ​លោក​យល់ថា​ ការប្រកួត​ប្រជែង​វា​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​មាន​ជំនឿ​របស់​អតិថិជន​ និង​សក្ដានុពល​របស់​ក្រុមហ៊ុន​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​ ៖ “ស្ទើរតែ​គ្រប់​ក្រុមហ៊ុន​នៅ​លើ​សាកលលោក​គឺ​តែ​មានការ​ប្រកួតប្រជែង​គ្នា​ជាចាំបាច់​ដើម្បី​ទទួល​បាន​ចំណែក​ទី​ផ្សារ​រៀង​ៗខ្លួន​”។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ ៖ “បើ​គ្មាន​ការប្រកួត​ប្រជែង​ ធ្វើ​ម៉េច​ទើប​ក្រុមហ៊ុន​មាន​ភាព​រីកចម្រើន​? វា​ជាទី​ផ្សារ​សេរី​ ក្រុមហ៊ុន​ និង​ភ្នាក់ងារ​ទាំងអស់​សុទ្ធតែ​មាន​សិទ្ធិ​ក្នុង​ការប្រកួត​ប្រជែក​ទៅតាម​លទ្ធភាព​របស់​ក្រុមហ៊ុន​នី​មួយ​ៗ។ គុណសម្បត្តិ​នៃ​ការប្រកួត​ប្រជែង​គឺ​ការ​ទទួល​បាន​ចំណែក​ទីផ្សារ​ទៅតាម​លទ្ធភាព​របស់​ខ្លួន​ ហើយ​ចំពោះ​គុណវិបត្តិ​គឺ​កើតឡើង​ក្រោយពេល​ប្រកួតប្រជែង​មិន​ឈ្នះ​គេ​”។

លោក​ឧកញ៉ា​បញ្ជាក់​ទៀត​ថា​ ៖ “ផលវិបាក​នៃ​ការប្រកួត​ប្រជែង​គឺ​រវាង​ក្រុមហ៊ុន​ស្របច្បាប់​ និង​ក្រុមហ៊ុន​គ្មាន​ច្បាប់​ ដែល​ភាគច្រើន​ក្រុមហ៊ុន​ដែល​គ្មាន​ច្បាប់​ត្រឹមត្រូវ​តែ​ធ្វើឡើង​ដោយ​គ្មាន​ភាព​ស្មោះត្រង់​ និង​ខុសពី​វិជ្ជាជីវៈ​” ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ​ថា​ បច្ចុប្បន្ន​ចំពោះ​ក្រុមហ៊ុន​ដែល​សហការ​គ្នា​នៅក្នុង​វិស័យ​នេះ​ហាក់​មាន​ចំនួន​តិច​នៅឡើយ​។

លោក​បាន​បន្ត​ថា​ ៖ “ទាំង​ការ​សហការ​ និង​ការប្រកួត​ប្រជែង​ដោយ​ភាព​ស្មោះត្រង់​គឺ​សុទ្ធតែ​មានផល​ប្រយោជន៍​ដូចគ្នា​ ។ វា​ត្រូវ​ចំណាយពេល​យូរ​បន្តិច​ក្នុង​ការ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ដែល​ស្ថិត​ក្នុង​វិស័យ​រួមគ្នា​សហការ​គ្នា​ ដោយសារតែ​ក្រុមហ៊ុន​នី​មួយ​ៗមិនបាន​គិតទៅ​លើ​ចំណុច​នេះនោះ​ទេ​ ម្នា​ក់ៗ​សុទ្ធតែ​ខំប្រឹង​យ៉ាង​ខ្លាំង​ក្នុង​ការ​ទទួល​បាន​ចំណែក​ទី​ផ្សារ​រៀង​ៗខ្លួន​ទៅតាម​លទ្ធភាព​”។

លោក​បាន​បន្ត​ទៀត​ថា​ ៖ “យើង​មិន​អាច​សម្រេច​ឱ្យ​គេ​អនុវត្ត​តាមអ្វី​ដែល​យើង​ចង់បាន​នោះ​ទេ​ ហើយ​បើ​ការអនុវត្ត​នូវ​វិធី​ណាមួយ​ដែល​មិន​មាន​ចំណូល​ដល់​ក្រុមហ៊ុន​ក៏​គេ​មិន​ធ្វើ​នោះ​ដែរ​ សំខាន់​ការអនុវត្ត​ទាំងអស់​នោះ​កុំឱ្យ​តែ​ប្រាស់​ចាក​ពី​ច្បាប់​ និង​វិជ្ជាជីវៈ​តែប៉ុណ្ណោះ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here