ដោយ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន OCIC នឹងបើកដំណើរការផ្សារទំនើបលំដាប់អន្តរជាតិ Olympia Mall នឹងបើកដំណើរការនៅថ្ងៃទី២២ មិថុនាខាងមុខនេះ។
លោក ម៉េង ចំរើន ប្រធានគ្រប់់គ្រងគំរោង Olympia City នៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៥ មិថុនានេះថា ការបើកដំណើរការដំណាក់កាលទី១នេះ នឹងមានកំពស់ចំនួន៧ជាន់ ក្នុងនោះ៥ជាន់ជាកន្លែងលក់ទំនិញ និងផលិតផលល្បីឈ្មោះនានាជាច្រើន និងពីរជាន់ទៀតសំរាប់ប្រើប្រាស់ជារោងភាពយន្ត។លោកបន្តថា ផ្សារទំនើបនេះនៅពេលបើកដំណើររការស្តង់ប្រមាណ៨០ភាគរយ នឹងត្រូវអាជីវករនានាបើកដំណើរការលក់ ជាមួយនឹងការរៀបចំប្រព័ន្ឋនៃការលក់ ដែលមានភាពទាក់ទាញ។
លោកបន្តថា “ផ្សារទំនើបនេះមានទីតាំងនៅជាប់ស្តាតអូរឡាំពិត ស្ថិតនៅក្បែររង្វង់មូលវត្តសំពៅមាស ជាបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាលរាជធានីភ្នំពេញ”។
លោករីឆាត អ្នកគ្រប់់គ្រងផ្សារទំនើបនេះបានបដិសេធមិនអត្ថាធិប្បាយ។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងធ្លាប់បានមានប្រសាសន៍ថា គំរោងផ្សារទំនើបនេះ ត្រូវបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិក ហើយគំរោង Olympia City ទាំងមូល បានចំណាយទឹកប្រាក់ប្រមាណ ៥០០លានដុល្លារអាមេរិក សំរាប់តែផ្នែកសំណង់ ដោយមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយទេ៕






